រថយន្ត​ដឹក​មាន់​១​គ្រឿង​បើក​លឿន​ពេក ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​មាន់​១​គ្រឿង បាន​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​ផ្នែក​ខាង​មុខ យ៉ាងដំណំ​ខណៈ​ពេល​បើកបរ ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​វាក់​ជាមួយ ក្មេង​ប្រុស​ម្នាក់​កំពុង​ជិះ​កង់ តាម​ផ្លូវ​នៅ​ខាង​មុខ បាន​ធ្វើ​ឲ្យ​អ្នក បើកបរ​រថយន្ត​នោះ ខំប្រឹង​គេច​ចេញ​បណ្ដាល​ឲ្យ​រេច​ង្កូ​ច ម្ដង​ឆ្វេង​ម្ដង​ស្ដាំ និង​បាន​ជាន់​ហ្វ្រាំង​អូស​ជាង​៥០​ម៉ែត្រ រួច​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង នៅ​ក្នុង​ដី​ឡូត៍​ផ្ទះ​ប្រជាពលរដ្ឋ និង​បាន​ក្រឡាប់​បះជើង​ទាំង​កំរោល​តែ​ម្ដង​។​

ដោយឡែក​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅ​ទីនោះ បាន​និយាយ​ថា ក្រុម​រថយន្ត​ដឹក​មាន់​ខាងលើ បើក​លឿន​ៗ​ខ្លាំង​ណាស់ មិន​បាន​គិត​ពី​សុវត្ថិភាព អ្នក​រស់នៅ​ក្នុងភូមិ​ឡើយ ហើយ​ពួក​គាត់​តែងតែ​គិត​ថា​នៅ​ថ្ងៃ​ណាមួយ នឹង​មានរឿង​កើតឡើង ឥឡូវ​ដូច​ជា​ការ​គិត​របស់​ពួក​គាត់​មែន​។ ហេតុ​ការ​ណ៏​នោះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​១​និង​១០​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវលំ​ក្រួស​ក្រហម ត្រង់​ចំណុច​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រថយន្ត​ដែល​ក្រឡាប់​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ 2A-1760 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ជុំ វាសនា អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ខ្លុង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

រថយន្ត​នោះ​បាន​រង​ការ​ខូចខាត ក្រពឹត​ខ្ទេច​មុខ​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​វិញ​បាន​រង​របួស គួរសម​ដែរ ហើយ​បាន​ទៅ​ព្យាបាល​របួស​នៅ​គ្លីនិក​ឯកជន​នៅ​ជិត​នោះ​ដែរ ចំណែក​បង្គោល​ភ្លើង បាន​ប្រេះស្រាំ​ស្ទើរតែ​ដួល​រលំ​ទៅ​ហើយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ រថយន្ត​បង្ក​មួយ​គ្រឿង​នោះ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ប្រហែល​កុង​ទ័​រ​១០០ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​មិន​បាន​គិត ពី​គ្រោះថ្នាក់​ដល់​ពួក​គាត់​ឡើយ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​វាក់​ជាមួយ​ក្មេង ប្រុស​ម្នាក់​កំពុង​ជិះ​កង់​តាម​ផ្លូវ ខណៈនោះ​អ្នកបើកបរ​បាន បើក​គេច​ចេញ​ទាំង​ប្រថុចញ៉ុច ក៏​បាន​រេ​ចង្កូត​ម្ដង ទៅ​ខាងឆ្វេង និង​ម្ដង​ទៅ​ស្ដាំ រួច​ក៏​បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង នៅ​ក្នុង​ដី​ឡូត៍​ផ្ទះ​មួយ​កន្លែង បណ្ដាល​ឲ្យ ក្រឡាប់​បះជើង ក្រពឹត​ខ្ទេច​មុខ​យ៉ាងដំណំ​។

ចំណែក​អ្នកបើកបរ​បាន​រង​របួស រីឯ​អ្នកបើកបរ​បាន​លូន​ចេញពី​ក្នុង​រថយន្ត រួច​បាន​ទៅ​ព្យាបាល​របួស នៅ​គ្លីនិក​ឯកជន​ជិត​នោះ រីឯ​បង្គោល​ភ្លើង​បាន​ប្រេះស្រាំ​ស្ទើរ​បាក់​ដួល​រលំ​ទៀត​ផង​។ ក្រោយ​ពេល​កើតហេតុ រថយន្ត​នោះ​ត្រូវ​បាន​ម្ចាស់ អូស​យក​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង និង​បាន​ចេញ​សំណង​ថ្លៃ​ការ​ខូចខាត បង្គោល​ភ្លើង​រដ្ឋ ប៉ុន្តែ​ប្រជាពលរដ្ឋ ចង់​ឲ្យ​សមត្ថកិច្ច​ហៅ​អ្នកបើកបរ រថយន្ត​នោះ ដុសក្អែល​ចេញ​ម្ដង និង​ត្រួតពិនិត្យ​លើ​ប័ណ្ណបើកបរ និង​លិខិត​ស្នាម​ផ្សេង​ៗ​ទៀត ព្រមទាំង​អប់រំ​ពី​ច្បាប់ ចរាចរ​ក្នុង​ការ​បើកបរ​ផង ដើម្បី​កុំ​ឲ្យ​ព្រហើន​ខ្លាំង​ពេក​៕