​ម៉ែឪ​ខ្លោច​​ចិត្តប៉ុណ្ណា ​ដែល​កូនស្រី​ជួបរឿង​អកុសល​នេះ

ខេត្តកំពង់ស្ពឺ ៖ ​កម្មការិនី​​ម្នាក់​​​បាន​ស្លាប់​​យ៉ាងអាណោចអាធ័ម ​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់មួយ​ ​ខណៈ​​​នាង​កំពុង​ជិះ​ម៉ូតូ​​ទៅ​​ធ្វើ​ការ​នៅរោងចក្រ​ ក៏​​រថយន្ត​​​កុងតឺន័រ​បុក​ពីក្រោយ​ពេញទំហឹង​ ហើយ​អ្នក​​បើក​រថយន្ត​បាន​​​​គេចខ្លួន​​បាត់​ ​។​ ចំណែក​ក្រុម​គ្រួសារ​​នារីរងគ្រោះ​ បាន​​មកទទួល​សព​​យ៉ាង​​ទួញ​សោក​​សង្រេង​​ខ្លាំង​ណាស់ ​។

ហេតុការណ៍​​នេះ​ ​​កើត​​​ឡើង​កាល​​​ពី​វរ​លា​ម៉ោង​០៦ ​និង​១៥​នាទី​ព្រឹកថ្ងៃ​ទី២០ ឧសភា ២០១៦ ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ០៤ គីឡូ​ម៉ែត្រលេខ​៣៣-៣៤ ​ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

ប្រភព​ពី​សាក្សី​​ឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​​ឃើញរថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​​ដាយ ពណ៌​​ក្រហម សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​​លេខ​កំពង់ ធំ​3A-1777  ធ្វើ​ដំណើរ​មកពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​ខាង​លើ​ បាន​បុក​ម៉ូតូ​ពីក្រោយ​​​​ ​ម៉ាក​ហុងដា​C125​ ស៊េរី​​2008 ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1B-2650 ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​បែកក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ​។

​​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ​ឃុ​ត សុ​ខេត ភេទ​ស្រី អាយុ​២៨ឆ្នាំ មានទីលំ​​នៅ​ភូមិ​កែវ​មុន្នី ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ ។ ចំណែក​តៃកុង​​​បង្ក ​មិន​ត្រូវ​​​ស្គាល់​ឈ្មោះ​ទេ បាន​រត់គេច​ខ្លួន ​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​ ។ ​