សង្ស័យ​គុំ​បង្គោល​ភ្លើង

រាជធានី​ភ្នំពេញ ៖ រថយន្ត LX300 មួយ​គ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​បាន​រេ​ចង្កូត​ទៅ​បុក​រះ​ដើម​ដូង បង្គោល​ភ្លើង និង​ស្លាក​យីហោ​ហាង​បាក់​រាប​ដល់​ដី​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ នៅ​ត្រង់​ចំណុច​មុខ​រេ​ដ​វ៉ា​ញ់​ហៅ​ស៍ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បើក​រេ​ពេញ​ផ្លូវ តាម​ផ្លូវ​លេខ​៣១៥ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​រះ​ដើម​ដូង​បាក់​ដាច់ និង​បង្គោល​ស្លាក​យីហោ​ឈ្មោះ  រេ​ដ​វ៉ា​ញ់​ហៅ​ស៍ បាក់​រាប​ដល់​ដី រួច​គូទ​ខាងឆ្វេង​រថយន្ត​បោក​ទៅ​នឹង​បង្គោល​ភ្លើង បណ្តាល​ឱ្យ​រថយន្ត​បង្ក​បើក​ទៅ​មុខ​លែង​រួច ចំណែកឯ​អ្នកបើកបរ​ក្រោយ​ពេល​កើតហេតុ​រត់ឡើង​ជិះ​ម៉ូតូឌុប​រត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​រថយន្ត​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​៕