ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រង​របួសធ្ងន់ និង​៣​នាក់​ផ្សេង​ទៀត​របួសស្រាល

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រង​របួសធ្ងន់ និង​៣​នាក់​ផ្សេង​ទៀត​រង​របួសស្រាល ខណៈ​ដែល​ជិះ​រ៉ឺ​ម៉ក​កង់​បី​មក​ពី​លេង​ផ្ទះ​បងប្អូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ក្រឡាប់​រ៉ឺ​ម៉ក​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ ឧសភា ២០១៦ នៅ​មុខ​វត្ត​ទួល​សុភា​ឃួ​ន ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​បាន​ប្រាប់​ថា នៅ​មុន​កើតហេតុ​ឃើញ​បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​កង់​បី​ដឹក​ស្ត្រី​៣​នាក់ ដោយ​ក្នុង​នោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ផង ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ស្លែ មួយ​គ្រឿង ពាក់​ស្លាក​លេខ​កណ្តាល​2A-0468 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង និង​មាន​ស្ត្រីជន​ជាតិចិន​២​នាក់​ទៀត​រួម​ដំណើរ មក​បុក​ពីក្រោយ​រ៉ឺ​ម៉ក​កង់​បី​ពេញទំហឹង​ធ្វើ​ឱ្យ​ក្រឡាប់​រ៉ឺ​ម៉ក បណ្តាល​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​សន្លប់​កណ្តាលផ្លូវ ចំណែក​អ្នក​បើក​រ៉ឺ​ម៉ក និង​ស្ត្រី​២​នាក់​ទៀត​របួសស្រាល​។