ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័ ត្រូវ​រថយន្ត​បុក​ពេញទំហឹង

ខេត្តឧត្តរមានជ័យ ៖   ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ឆ្លង ផ្លូវជាតិ​មិន​បាន​ប្រុង​ប្រ​យ​ត្ន័ ត្រូ​ង​រថយន្ត​ម៉ាក​សាំ​យុង​បុក​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់់​វែង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ សុខ  អ៊ុ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ របួស​បាក់​មេដៃ​ខាងស្តាំ និង​របួស​ដងខ្លួន​ធ្ងន់ ដោយឡែក​ប្រពន្ធ​ឈ្មោះ មី សា​រ៉េ​ន អាយុ​២៥​ឆ្នាំ  របួស​ក្បាល​ឡើង​ប៉ោង និង​របួស​ដងខ្លួន​ធ្ងន់ មាន​ទី​នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវ​បាន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​។ សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ជិះ​ម៉ូតូ​ម៉ាក​វេ​វ​គ្មាន​ស្លាក​លេខ ឌុ​ប​ប្រពន្ធ​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត ឆ្លងកាត់​ផ្លូវជាតិ​ឆ្ពោះទៅ​ទិស​ខាងលិច ហើយ​មិន​ប្រ​យ​ត្ន័​មិន​បាន​មើល​ឆ្វេង​មើល​ស្តាំ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​សាំ​យុង​មួយ​គ្រឿង ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ ។

សំណាងល្អ ម៉ូត និង​មនុស្ស​ប៉ើង​ចេញពី​រថយន្ត គ្រាន់តែ​របួស មិន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ឡើយ​។ នគរបាល​ផ្នែក​ចរាចរ​ស្រុក​អន្លង់​វែង​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​គ្រោះថ្នាក់​ចរាចរ ភ្លាម​ៗ​នោះ នគរបាល​ចរាចរ​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង និង​នាំ​យកប្តី​ប្រពន្ធ​ទាំង​២​នាក់​ទៅ​សង្គ្រោះ ដោយឡែក​រថយន្ត​ម៉ាក​សាំ​យុង ពាក់​ស្លាក​លេខ 2A-4702 ពណ៌​ស និង​ម៉ូតូ​ម៉ាក​វេ​វ​របស់​ជន​រង​គ្រោះ បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​អន្លង់​វែង​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ៕