គ្រោះថ្នាក់​ចរាចរណ៍ ចោទថា​វាយ​ប្លន់​យក​លុយ​ចំណងដៃ​ជាង​២​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហា​យ​លែ​ន​ឌ័​រដឹក​ចំណងដៃ​ការកូន​ជាង​២​ម៉ឺន​ដុល្លារ​ត្រូវ​បាន​រថយន្ត​ឡង់​គ្រី​ស្ស័​របើក​បុក​ពីក្រោយ​ហើយ​ចុះ​វាយ​បែក​កញ្ចក់​រថយន្ត ទើប​ខាង​រថយន្ត​រង​គ្រោះ​ចោទប្រកាន់​ថា សង្ស័យ​វាយ​ប្លន់​យក​លុយ​ចំណងដៃ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាំងពី​យប់​រហូត​ដល់​ព្រឹក​ដោះស្រាយ​មិន​ទាន់​ចេញ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​០៥​នាទី​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ស្តុ​ប​ក្រោម​ស្ពាន​អាកាស​៧​មក​រា តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-0998 ជិះ​ម្នាក់ឯង អ្នកបើកបរ​មានឈ្មោះ ឡេ​ង លឹ​ម​គាង ភេទ​ប្រុស មុខរបរ​លក់ដូរ អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៦ ផ្លូវ​លេខ​៣ បុរី​ភ្នំពេញ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-3289 ជិះ​ជា​លក្ខណៈ​ក្រុម​គ្រួសារ មាន​ចាស់​មាន​ក្មេង អ្នកបើកបរ​មានឈ្មោះ អុំ ម៉ា​រ័​ត្ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​លេខ​៨៩ ផ្លូវ​បេតុង ក្រុម​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ថ្ងៃនេះ​ក្រុម​គ្រួសារ​របស់​គាត់​មាន​សាច់ញាតិ​រៀប​ការ​នៅ​មជ្ឈមណ្ឌល​ទួល​គោក ពេល​ចប់​កម្មវិធី​អស់ហើយ​រូប​គាត់​បាន​បើករថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រដឹក​ម្តាយកូន​ក្រមុំ និង​សាច់ញាតិ មាន​ក្មេង​មាន​ចាស់ និង​មាន​ទារិកា​ទើបនឹង​កើត​បាន​មួយ​ខែ​ផង​ដែរ ព្រមទាំង​ដឹក​លុយ​ចំណងដៃ​ជាង​២​ម៉ឺន​ដុល្លារ​យក​ទៅ​ផ្ទះ​នៅ​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ស្តុ​ប​ស្ពាន​អាកាស​៧​មក​រា​គាត់​បាន​ឈប់​រង់ចាំ​ស្តុ​ប​ដោយ​មិន​បានដឹង​ថា​មាន​រថយន្ត​ឡង់​គ្រី​ស័​របើក​មក​ឈប់​ពីក្រោយ​ហើយ​ចង់​វ៉ា​ស្តាំ​មិន​រួច​បាន​ព្យាយាម​ចុច​ស៊ី​ផ្លេ​ជា​ច្រើន​ដង​ធ្វើ​ឲ្យ​គាត់ ខឹង​បាន​ចុច​កញ្ចក់​រថយន្ត​អឺត​មក​ស្រែ​កថា អត់​ចេះ​បើករថយន្ត​ទេ​ឬ លុះដល់​ភ្លើងពណ៌​ខៀវ ក៏​គាត់​បាន​បើករថយន្ត​ចេញ​ទៅ​ស្រាប់តែ​រថយន្ត​ឡង់​គ្រី​ស័​របើក​បុក​ពីក្រោយ ហើយ​ឈប់​រថយន្ត​នៅ​ក្រោម​ស្ពាន​អាកាស​យក​ដំបង​៣​កំណាត់​វាយ​បែក​កញ្ចក់​រថយន្ត​ខាងក្រោយ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ បន្ទាប់​មក​ក៏​បើករថយន្ត​យក​លុយ​ទៅ​ទុក​នៅផ្ទះ​សិន រួច​ទើប​ហៅ​បងប្អូន​ជួយ​ដេញ​តាម​រថយន្ត​បង្ក​រហូត​ដល់​មុខ​អធិការដ្ឋាន​ខណ្ឌដង្កោ​ទើប​ឃាត់​រថយន្ត​បង្ក​បាន ។

ចំណែក​អ្នក​បើករថយន្ត​បង្ក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ព្យាយាម​បើក​កៀរ​រថយន្ត​របស់​គាត់ ដែល​បម្រុង​វ៉ា ទើប​ធ្វើ​ឲ្យ​គាត់​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា គាត់​ការពារ​ខ្លួន​ទើប​យក​ដំបង​ទៅ​វាយ​រថយន្ត​រង​គ្រោះ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា រថយន្ត​រង​គ្រោះ​ចោទ​ថា​ជា​ករណី​វាយ​ប្លន់​យក​លុយ​ចំណងដៃ​ជាង​២​ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ពេញ​អធិការដ្ឋាន​ខណ្ឌដង្កោ​ទាំង​យប់ ប៉ុន្តែ​កន្លែង​កើតហេតុ​នៅ​សង្កាត់​ទឹកថ្លា ទើប​សមត្ថកិច្ច​បញ្ជូន​ទៅ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​ធ្វើការ​ដោះស្រាយ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣​ឧសភា​នេះ ភាគី​ទាំង​ពីរ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា ដោយ​ខាង​រថយន្ត​រង​គ្រោះ​ទាមទារ​សំណង​១៥០០​ដុល្លារ តែ​រថយន្ត​បង្ក​យល់ព្រម​សង​តែ​ថ្លៃ​កញ្ចក់​រថយន្ត​ទេ ទើប​ការ​ចរចា​គ្នា​មិន​ទាន់​ចប់​នៅឡើយ​ទេ ៕