សំណាង​ហើយ​មិន​គ្រោះ​ដល់​ជីវិត

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ចេញពី​ហូប​ការ បត់​រថយន្ត​ត្រឡប់​ក្រោយ​ផង​ចុច​ទូរស័ព្ទ​ផង ស្រាប់តែ​រថយន្ត​បែក​កង់​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្ដាល​ឲ្យ​ខូច​ខឿន​ស្ពាន និង​បង្កាន់ដៃស្ពាន​តិចតួច ចំណែក​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខតែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ អាយុ​ប្រហែល​២០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​កាម​រី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-4189 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ស្តាំ​លើ​ស្ពាន គោលបំណង​ទៅ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​វិញ ខណៈ​ដែល​កំពុង​បត់​ឡើង​ស្រាប់តែ​រថយន្ត​បែក​កង់​មុខ​ចំហៀង​ខាងស្ដាំ ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​លាន់​ប្រាវ ។ ចំណែក​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ និង​បាក់​រ៉ូ​ទីល​ខាងស្តាំ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

បើ​តាម​សម្តី អ្នកបើកបរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា រូប​គាត់​បាន​ចេញពី​ហូប​ការ​គេ​វិញ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ ស្រាប់តែ​បើក​ដល់​កន្លែង​កើតហេតុ​រថយន្ត​របស់​គាត់ បែក​កង់​ខាងស្ដាំ ហើយ​រូប​គាត់​បើក​តែ​ដៃ​ម្ខាង និង​ម្ខាង​ទៀត​ជាប់​ចុច​ទូរស័ព្ទ ទើប​ទប់​ចង្កូត​អត់​ឈ្នះ​ក៏​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​តែ​ម្ដង​ទៅ  ។ សំណាង​ហើយ​មិន​បាក់​ក​ស្លាប់ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​និង​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ ៕