ស្រវឹង​ដឹកអ្នក​ស្រវឹង ស្រាប់​តែធ្លាក់​តាម​ផ្លូវ​

​រាជធានី​ភ្នំពេញ ៖ ពូ​ជា​អ្នក​រត់​ម៉ូតូឌុប ​ហើយ​ក្មួយ​ប្រុស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​ស្រវឹងដាប ​ក្មួយ​ដឹក​ពូ​និង​ម៉ូតូ​ដាក់​លើ​
រ៉ឺ​ម៉ក​​​ជូន​ទៅ​ផ្ទះ​វិញ​​ មិន​ទាន់​ដល់​ផ្ទះ​ផង ​ស្រាប់តែ​ពូ​ធ្លាក់​ពីលើ​រ៉ឺ​ម៉កម៉ូតូ​សន្លប់ ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០​៧ ​និង​៣០​នាទី​យប់ថ្ងៃ​ទី​២២ ​ឧសភា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​​ជ័យ។

បុរស​ដែល​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​សន្លប់​នោះ​មានឈ្មោះ វិ​ន អាយុ​៤៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ម្តុំ​ផ្សារ​ព្រៃ​ទា និង​មានស្រុក​កំណើត​នៅ​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ឆ្នាំ​២០០៤ ព​ណ៍​ខ្មៅ ​។

តាម​សម្តី​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​អះអាង​ថា ​ជា​ក្មួយ​​ជន​រង​គ្រោះ និង​ជា​អ្នក​​ដឹក​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​​កើតហេតុ​នៅ​វេលា​ម៉ោង​៦​ល្ងាច រូប​គាត់​​និង​ពូ​ជា​ជន​រង​គ្រោះ បាន​នាំ​គ្នា​ទៅ​ផឹកស្រា​ក្នុង​ហាង​មួយ​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ។ លុះ​​ស្រវឹងស្រា​រួច​ពូ​របស់​គាត់​សន្លប់​អត់​ដឹងខ្លួន ទើប​គាត់​បាន​ពឹង​អោយ​ខាង​ម្ចាស់​ហាង​ជួយ​លើក​ពូ​របស់​គាត់ និង​ម៉ូតូ​ដាក់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ជូន​គាត់​ទៅ​ផ្ទះ ខណៈ​ពេល​ជិះ​មក​ដល់​មុខ​ព្រ​លាន​យន្តហោះ មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ពូ​របស់​គាត់​ប្រកាច់​​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​សន្លប់​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លី​និ​ក​​ឯកជន បន្ទាប់​មក​ មាន​ស្ត្រី​ម្នាក់​អះអាង​ថា ​ជា​ប្រពន្ធ​បាន​មក​សុំ​យក​ម៉ូតូ​​ទៅ​រក្សា​ទុក តែ​សមត្ថកិច្ច​មិន​ឲ្យ​ទេ​ព្រោះ​មិន​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ ទើប​​ស្ត្រី​រូប​នោះ​បាន​ប្រាប់​​ថា កាត​គ្រី​ម៉ូតូ​នៅ​ជាប់​នឹង​ប្តី​គាត់​ហើយ តែ​គាត់​អត់​ដឹង​ថា ​ប្តី​របស់​គាត់​ត្រូវ​គ្លីនិក​ឯកជន​ណាមួយ​ដឹក​យក​ទៅ​ព្យាបាល​ទេ ។