ស្រវឹងស្រា​ថយ​រថយន្ត​ប៉ះ​ម៉ូតូ ស្រែក​ឡូឡា​អួតខ្លួន​ថា​ជា​អង្គរក្ស​សម្តេច

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​ទៀត​ហើយ​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់ខ្លួន​បញ្ជូន​ខ្លួន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​សាកសួ និង​វាស់​ជាតិ​ស្រវឹង បន្ទាប់​ពី​បុរស​រូប​នោះ​ស្រវឹង​ជោគ​ជាំ​រួច​បាន​ថយ​រថយន្ត​បុក​ម៉ូតូ​ស្កុប​ពី​១​គ្រឿង ហើយ​ស្រែក​ឡូឡា​អួតខ្លួន​ថា​ជា​អង្គរក្ស​សម្តេច ។

ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០២ និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា នៅ​ចំណុច​ខារ៉ាអូខេ​៣៣៣ ស្ថិត​ក្នុង​ក្រុម​ទី​០២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង បង្ករ​ឡើង​ដោយ​រថយន្ត​១​គ្រឿង ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-5133 បើកបរ​ដោយ​ឈ្មោះ អ៊ុ​ក សា​មិត្ត ភេទ​ប្រុស អាយុ​ប្រហែល​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខ​ងារ​ជា​អង្គរក្ស​សម្តេច​ជំនាន់​២១ គ្រាំ​ង​ចេក ឋានៈ​អនុសេនីយ៍ទោ បាន​បើករថយន្ត​ថយ​បុក​ម៉ូតូ​ស្កុប​ពី ពណ៌​ខៀវ​-​ស គ្មាន​ស្លាក​លេខ ជាក​ម្មសិ​ទ្ឋ​របស់​ឈ្មោះ យ៉ា ទី ភេទ​ស្រី អាយុ​២៣​ឆ្នាំ រង​ការ​ខូចខាត​តិចតួច ប៉ុន្តែ​ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ​ជន​បង្ករ​មាន​អាកប្បកិរិយា​អ​សីលធម៌ មិន​គោរព​ច្បាប់ ពុំ​សហការ​ជាមួយ​សមត្ថកិច្ច ហើយ​បាន​ស្រែក​ឡូឡា​ថា​ខ្លួន​ជា​អង្គរក្ស​សម្តេច ជំនាន់​២១ គ្រាំ​ង​ចេក ឋានៈ​អនុសេនីយ៍ទោ គ្មាន​អ្នក​អាច​ធ្វើ​អ្វី​ខ្លួន​បាន​ទេ ទើប​សមត្ថកិច្ច​សម្រេចចិត្ត​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ការិយាល័យ​ធ្វើការ​សាកសួរ និង​ដើម្បី​អនុវត្តន៍​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ម្យ៉ាងវិញទៀត​ដើម្បី​បញ្ជៀ​ស​នូវ​ហេតុការណ៍​ផ្សេង​ៗ​ដែល​អាច​ផ្តើម​ចេញពី​កំហឹង​របស់​ប្រជាពលរដ្ឋ ៕