តើ​អាច​កើត​មាន​ទេ​ជំនួប​បញ្ចុះ​កម្តៅ​នយោបាយ ?

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​រដ្ឋសភា លោក ឡេ​ង ប៉េង​ឡុ​ង បាន​មាន​ប្រសាសន៍​នៅ​បញ្ចប់​ជំនួប​រវាង​លោក ងួ​ន ញ៉ិល និង​គណៈប្រតិភូ​សភា​ប្រជាជន​ចិន នៅ​មុន​នេះ​បន្តិច​ថា លោក​ចង់​ឲ្យ​មាន​ជំនួប​ថ្នាក់ដឹកនាំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចុះ ឬ​អាច​បញ្ចប់​កម្តៅ​នយោបាយ​ដែល​បាន​និង​កំពុង​កើតឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន ធ្លាប់​បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «​គណបក្សកាន់អំណាច​នៅ​តែ​បើកចំហ​ការ​ចរចា​ដែល​ជា​ការ​ពង្រឹង​វប្បធម៌​សន្ទនា ប៉ុន្តែ​បើ​ការ​ចរចា​នេះ​ដើម្បី​ដោះស្រាយ​ផ្លូវច្បាប់  រំលោភ​ការងារ​តុលាការ គណបក្សកាន់អំណាច​មិន​យល់ព្រម​ជួប​ឡើយ​។ លោក​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ឬ​លិខិតផ្លូវការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅឡើយ​ទេ​» ។

មក​ដល់​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា​នេះ មិន​ទាន់​មានការ​អត្ថាធិប្បាយ ឬ​ការ​ឆ្លើយ​តប​បែប​ណាមួយ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ដែរ ៕