គ​.​ជ​.​ប ចុះ​ឈ្មោះ​ចាប់ពី​ខែកញ្ញា​ដល់​វិច្ឆិកា គ្រោង​ចំណាយ​23​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា​ថា គ​.​ជ​.​ប​គ្រោង​នឹង​ចំណាយ​ប្រមាណ​២៣​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​រៀបចំ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ចំនួន​ប្រមាណ​៩,៦​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​តាម​ប្រព័ន្ធ​កុំព្យូទ័រ ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ប្រជាពលរដ្ឋគ្រប់​រូប​ទោះបី​អ្នក​ធ្លាប់​បាន​ចុះ​ឈ្មោះ​ពី​មុន​មក​ក៏​ដោយ ត្រូវ​ទៅ​ចុះ​សា​ជា​ថ្មី​តាម​ប្រព័ន្ធ​ទំនើប​(​កុំព្យូទ័រ​) ព្រោះ​បញ្ជី​ឈ្មោះ​ចាស់​គ្មាន​សុពលភាព​ទៀត​ទេ នៅ​ពេល​ការ​ចុះ​ឈ្មោះ​ថ្មី​ដែល​នឹង​ចាប់ផ្តើម​ពី​ខែកញ្ញា​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ សម្រាប់​ការ​កសាង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ក្នុង​ឆ្នាំ​២០១៧ ។

ចំពោះ​ថវិកា​នេះ សហភាព​អឺរ៉ុប​នឹង​ផ្តល់​៦,៧​លាន​អឺ​រូ​ក្នុង​ការ​ទិញ​សម្ភារ ប្រទេស​ជប៉ុន​ប្រកាស​ថា ជួយ​១​លាន​ដុល្លារ​សម្រាប់​កសាង​ប្រព័ន្ធ​ស្តុក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​ថវិកា​សល់​ពី​នេះ​រាជរដ្ឋាភិបាល​ជា​អ្នក​ចំណាយ​។ ចំពោះ​អ្នក​ដែល​ធ្វើ​ការងារ​ឆ្ងាយ​ពី​ស្រុក​កំណើត​អាច​ចុះ​ឈ្មោះ​នៅ​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​បាន ដោយ​មាន​អត្ត​សញ្ញាប័ណ្ណ និង​លិខិតបញ្ជាក់​ពី​កន្លែង​ស្នាក់​នៅ ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា បញ្ជី​ឈ្មោះ​ថ្មី​នេះ​មាន​រូបថត​អ្នក​ចុះ​ឈ្មោះ​និង​ងាយស្រួល​ជាង​បញ្ជី​ចាស់ ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​មានការ​ចុះ​ឈ្មោះ​ពីរ​ដង​បាន​ទេ ព្រោះ​នៅ​ពេល​ណា​មានការ​ចុះ​ឈ្មោះ​ពីរ​ដង​ម៉ាស៊ីន​មិន​ទទួល​ទេ ។ របៀប​ចុះ​ឈ្មោះ​ថ្មី​នេះ នឹង​មាន​តម្លាភាព​ជាង​ការ​ចុះ​ឈ្មោះ​ពី​មុន ។

មន្ដ្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​ប្រកាស​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ នា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។

លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​ថា ការ​ដែល​អាច​ចាប់ផ្ដើម​ដំណើរការ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា​នេះ គឺ​បន្ទាប់​ពី គ​.​ជ​.​ប ទទួល​បាន​នូវ​ឧបករណ៍​សម្ភារ​បច្ចេកទេស​ពី​សហភាព​អឺរ៉ុប​សម្រាប់​បម្រើ​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ ។

មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប រូប​នេះ​លើក​ឡើង​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ ត្រូវ​ប្រើ​រយៈពេល​បី​ខែ ចាប់ពី​ខែកញ្ញា​រហូត​ដល់​ខែវិច្ឆិកា ហើយ​នៅ​ខែធ្នូ និង​ខែមករា ឆ្នាំ​២០១៧ គ​.​ជ​.​ប នឹង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បឋម ដើម្បី​ទុក​ពេលវេលា ឱ្យ​ប្រជាពលរដ្ឋ​មក​ធ្វើការ​កែតម្រូវ​ឈ្មោះ និង​គណបក្ស​នយោបាយ​ដាក់​ពាក្យ​បណ្ដឹងតវ៉ា និង ការ​ដោះស្រាយ​បណ្ដឹង ។

មន្ត្រី គ​.​ជ​.​ប បាន​ទទួលស្គាល់​ថា បើ​ទោះបីជា​មានការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​រហូត​ដល់​ខែកញ្ញា​ខាង​មុខ​នេះ​យ៉ាងណា​ក្ដី ប៉ុន្ដែ​មិន​មាន​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នោះ​ទេ ដោយ គ​.​ជ​.​ប មាន​ថវិកា​គ្រប់គ្រាន់ ក្នុង​ការ​គ្រប់គ្រង​ដំណើរការ​ចុះ​ឈ្មោះ និង​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ ។

រហូត​មក​ដល់​ពេល​នេះ កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​មិន​ទាន់​បាន កំណត់​ជាក់លាក់​នៅឡើយ​ទេ ដែល​តាម​ច្បាប់​រាជរដ្ឋាភិបាល​ត្រូវ​ប្រកាស​ឱ្យ​បាន​រយៈពេល​មុន​៩​ខែ នៃ​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្ដែ​រាជរដ្ឋាភិបាល​គ្រោង​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ខែ​ក្រោយ​នេះ​ហើយ ។

អង្គការ​សង្គម​ស៊ី​វិល​អះ​អា​ថា ការ​កំណត់​កាលបរិច្ឆេទ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់ គ​.​ជ​.​ប នៅ​ខែកញ្ញា​ខាង​មុខ​នេះ​អាច​នឹង​កៀក​ពេលវេលា​បន្ដិច ហើយ​អាច​ប៉ះពាល់​ដល់​ដំណើរការ​ចុះ​ឈ្មោះ​ខ្លះ​ដែរ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់ ហើយ​ក្នុង​ដំណាក់កាល​នេះ គ​.​ជ​.​ប ត្រូវ​ចេញ​បញ្ជី​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាង​មុខ ឱ្យ​បាន​រួចរាល់ ។

ប៉ុន្ដែ​ប្រសិនបើ​មាន​បញ្ហា​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​ដំណើរការ​ល្អ វា​អាច​នឹង​ជួប​បញ្ហា​ខ្លះ​ចំពោះ​ពេលវេលា​ឆ្ពោះទៅ​ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ។ ដើម្បី​ឱ្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រព្រឹត្ដ​ទៅ​ដោយរ​លួ​ន​និង​គ្មាន​ឧបសគ្គ​នោះ រាជរដ្ឋាភិបាល​ត្រូវ​កំណត់​ថ្ងៃ​បោះ​ឆ្នោត​ឱ្យ​បាន​ច្បាស់លាស់​នៅ​ពេល​ឆាប់​ៗ​នេះ សម្រាប់​ផ្ដល់​លទ្ធភាព​ទុក​ឱ្យ គ​.​ជ​.​ប មាន​ពេលវេលា​រៀបចំ​ប្រតិទិន បាន​កាន់តែ​ជាក់លាក់ និង​បំពេញការងារ​បាន​ពេញលេញ​សម្រាប់​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​នៅ​ទូ​ទាំង​ប្រទេស ៕