អា​មេ​រិ​ក​ផ្តួចផ្តើម​គម្រោង​ថ្មី​ដើម្បី​កែ​លម្អ​តម្លាភាព​សារពើពន្ធ និង​គណនេយ្យ​ភាព

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក William A. Heidt និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ផ្តួចផ្តើម​នូវ​គម្រោង​ថ្មី​មួយ​ដើម្បី​ទ្រទ្រង់​ដល់​ការ​ខិតខំ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​កែ​លម្អ​តម្លាភាព​សារពើពន្ធ និង​គណនេយ្យ​ភាព​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​អា​មេ​រិ​ក ។

ប្រភព​បាន​បន្ដ​ថា ៖ « គម្រោង​ផ្តួចផ្តើម​នេះ រៀបចំ​បង្កើត​រួម​គ្នា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) និង​ការិយាល័យ​ផ្តល់​ជំនួយ​បច្ចេកទេស (OTA) របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក នឹង​ដាក់​ឱ្យធ្វើ​ការ​រវាង​អ្នកឯកទេស​មក​ពី OTA និង​អ្នកឯកទេស​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ដើម្បី​ជំរុញ​បន្ថែម​ដល់​របៀបវារៈ​លើ​កំណែទម្រង់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល » ។

លោក​ឯកអគ្គរដ្ឋទូត William A. Heidt បាន​ថ្លែង​ថា ៖ « ការ​គ្រប់គ្រង​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​លើ​ធនធាន​ហិរញ្ញវត្ថុ​របស់​ប្រទេស​មួយ​មាន​សារសំខាន់​ចាំបាច់​ដល់​កំណើន​លូតលាស់​នៃ​សេដ្ឋកិច្ច​យូរអង្វែង ។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ទទួល​ជោគជ័យ​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ការ​លើកកម្ពស់​ការ​ប្រមូលប្រាក់​ចំណូល​របស់​ខ្លួន​ពី​១៥,៦% នៃ​ផលិតផល​សរុប​ក្នុងស្រុក​នៅ​ឆ្នាំ​២០១១ រហូត​ដល់​ជាង​១៩% នៅ​ឆ្នាំ​២០១៣ » ។

ការណ៍​នេះ​ផ្តល់​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ធនធាន​បន្ថែម​ទៀត​ក្នុង​ចំនួន​ច្រើន​គួរសម​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្នែក​សង្គមកិច្ច ។ កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​ឱ្យ​ក្រសួង​សម្រេច​បាន​ជោគជ័យ​ច្រើន​ថែម​ទៀត​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ធនធាន​ថវិកា​របស់​ខ្លួន ។ ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ ទីប្រឹក្សា​មក​ពី OTA នឹង​ធ្វើការ​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​កែ​លម្អ​ការ​បែងចែក​សម្រាប់​យក​ទៅ​ចាយវាយ​នូវ​ធនធាន​សាធារណៈ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។

ក្នុង​ជំហាន​ដំបូង ជំនួយ​នេះ​នឹង​ផ្តោត​លើ​ការ​ជួយ​ដល់​ក្រសួងសុខាភិបាល ដែល​ជា​ក្រសួង​សម​ភាគី​សំខាន់​ជាងគេ​សម្រាប់​ទីភ្នាក់ងារ USAID ។ ទីប្រឹក្សា​ទាំងនោះ ក៏​នឹង​ជួយ​ផង​ដែរ​ដល់​នាយកដ្ឋាន​ថវិកា​របស់​ក្រសួង​ហិរញ្ញវត្ថុ ក្នុង​ការ​ពង្រីក​កម្មវិធី​ដល់​ក្រសួង​ដទៃ​ទៀត​របស់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​រាជរដ្ឋាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​មាន​ប្រសាសន៍​ថា ៖ « យើង​រីករាយ​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​លើ​គម្រោង​ផ្តួចផ្តើម​ដ៏​សំខាន់​នេះ ខណៈ​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​កំណើន ការ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ធនធាន​ជាតិ​ដ៏​មាន​តម្លៃ​របស់​យើង ក៏​កាន់តែ​មាន​សារសំខាន់​ច្រើន​ឡើង​ផង​ដែរ » ៕