ចំនួន​ទេសចរ​អន្តរជាតិ​សំខាន់​ៗ​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​3​ខែ​ដើមឆ្នាំ​នេះ

រាជធានី​ភ្នំពេញ ៖ ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ដែល​មក​ទស្សនា​កម្សាន្ដ​នៅ​កម្ពុជា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៦​នេះ មាន​ដូច​ជា មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​ចំនួន​៩៥៣.៥០៩​នាក់ ស្មើនឹង​៧១​ភាគរយ​នៃ​ចំនួន​សរុប ថយ​ចុះ​០,២​ភាគរយ ក្នុង​នោះ​មក​ពី​តំបន់​អាស៊ាន​មាន​ចំនួន​៤៥១.៣៥៤​នាក់ ស្មើនឹង​៣៣,៦​ភាគរយ​នៃ​ចំនួន​សរុប ថយ​ចុះ​៣,៣​ភាគរយ ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា ចំណែក​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អឺរ៉ុប មាន​ចំនួន​២៦៤.៨៩២​នាក់ ស្មើនឹង​១៩,៧​ភាគរយ​នៃ​ចំនួន​សរុប កើនឡើង​៨,៩​ភាគរយ និង​មក​ពី​តំបន់​អា​មេ​រិ​ក មាន​ចំនួន​១១៥.៣៧១​នាក់ ស្មើនឹង​៨,៦​ភាគរយ កើនឡើង​១៣,៤​ភាគរយ ។

សម្រាប់​ចំនួន​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង (Internal Tourist) ទៅ​ទស្សនា​តំបន់​អាទិភាព ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៦ ក្នុង​នោះ​ខេត្តសៀមរាប ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៧០២.៧៥៤​នាក់ ស្មើនឹង​៤៤,៩​ភាគរយ​នៃ​ចំនួន​សរុប កើនឡើង​២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ ។ តំបន់​ភ្នំពេញ ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៦៣៩.៧២៣​នាក់ ស្មើនឹង​៤០,៩​ភាគរយ​នៃ​ចំនួន​សរុប កើនឡើង​៣,៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ ។ តំបន់ឆ្នេរ​សមុទ្រ ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​២០៣.១២៨​នាក់ ស្មើនឹង​១៣​ភាគរយ កើនឡើង​៣,២​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ ។ តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​២០.៣៩២​នាក់ ស្មើនឹង​១,៣​ភាគរយ​នៃ​ចំនួន​សរុប កើនឡើង​៤,៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥​។ តំបន់​ប្រាសាទព្រះវិហារ ទទួល​បាន​ទេសចរ​អន្ត​រ​ជាតិ​ចំនួន​១៧.១៦៩​នាក់ កើនឡើង​២០,៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ និង​ទទួល​បាន​ទេសចរ​ជាតិ​ចំនួន​២០.០១០​នាក់ កើនឡើង​១៩,១​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ ។

ដោយឡែក សម្រាប់​ទេសចរ​កម្ពុជា​ចេញ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ក្រៅប្រទេស ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៦​វិញ មាន​ចំនួន​៣២៨.៣៤៧​នាក់ កើនឡើង​៣៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ ។

របាយការណ៍​ដដែល​បញ្ជាក់​ថា​ទីផ្សារ ទេសចរណ៍​សំខាន់​ៗ​ទាំង​១០​ដែល​មក ទស្សនា​នៅ​កម្ពុជា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ​មាន វៀតណាម ចំនួន​២១៧.៨៦៤​នាក់​, ចិន ចំនួន​២១៧.២១៣​នាក់​, កូរ៉េ ចំនួន​១៣១.៥៤៨​នាក់​, ថៃ ចំនួន​៨៥.៦៥៩​នាក់​, អា​មេ​រិ​ក ចំនួន​៧៥.៧០៦​នាក់​, ឡាវ ចំនួន​៥៨.៧៩០​នាក់​, ជប៉ុន ចំនួន​៥៥.៧៥៩​នាក់​, អង់គ្លេស ចំនួន​៥១,៥៨៥​នាក់​, បារាំង ចំនួន​៤៨.៦៧៨​នាក់ និង​ប្រទេស​អា​ល្លឺ​ម៉​ង់ ចំនួន​៤៦.៨៤០​នាក់ ៕