ចិន​មាន​ផែនការ​វិនិយោគ​ទ្វេ​ដង​ក្នុង​វិស័យ​ទេសចរណ៍

ប្រទេស​ចិន ៖ ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​ទេសចរណ៍​នឹង​មាន​កំណើន​ទ្វេ​ដង ស្មើនឹង​ទឹកប្រាក់​ប្រមាណ​៣០៧​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ទេសចរណ៍​ជាតិចិន បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍ គ្រា​ដែល​ប្រទេស​នេះ​បាន​មើលឃើញ​ពី​ការ​គាំទ្រ​វិស័យ​សេវាកម្ម និង​ការ​ចំណាយ​របស់​អតិថិជន​កំពុង​មាន​សន្ទុះ​ខ្លាំង ។

ទីភ្នាក់ងារ​ទេសចរណ៍​បាន​ថ្លែង​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ថា ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នឹង​ឈាន​ដល់​១,២៥​ទ្រី​លាន​យន់​នៅ​ឆ្នាំ​នេះ ។ បន្ថែម​ពីលើ​នេះ ការ​វិនិយោគ​បាន​កើនឡើង​៤២%​កាលពី​ឆ្នាំ​មុន ក្នុង​ទឹកប្រាក់​១​ទ្រី​លាន​យន់ ។

រដ្ឋាភិបាល​កំពុង​មាន​ក្ដី​រំពឹង​ទៅ​លើ​ផ្នែក​មួយ​ចំនួន​ដូច​ជា ការ​ធ្វើ​ដំណើរ​ដើម្បី​ជំរុញ​កំណើន ស្រប​ពេល​ដែល​វា​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​សេដ្ឋកិច្ច ។ ការ​វិនិយោគ​ទ្រព្យសកម្ម ទិន្នផល​រោងចក្រ និង​ការ​លក់រាយ បាន​កើនឡើង​យឺត​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ខែមេសា កន្លង​មក ។

« យើង​គិត​ថា ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​បាន​និង​កំពុង​មាន​សក្ដានុពល​យ៉ាង​ខ្លាំង ជាមួយនឹង​សញ្ញា​មួយ​ចំនួន​ដែល​កំពុង​តែ​ចាប់ផ្ដើម​កើនឡើង » ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ទីភ្នាក់ងារ​ទេសចរណ៍ ។

ទីភ្នាក់ងារ​បន្ដ​ទៀត​ថា ៖ « សេវាកម្ម​អន​ឡាញ​ទេសចរណ៍​តាម​តំបន់​ដូច​ជា ការ​ជិះ​នាវា និង​ទេសចរណ៍​កីឡា គឺជា​ការ​វិនិយោគ​ដ៏​ធំ​បំផុត ។ ទន្ទឹម​នឹង​នេះ វិស័យ​ឯកជន​បាន​ចូលរួម​ប្រមាណ​៥៧% នៃ​ការ​វិនិយោគ​សរុប​កាលពី​ឆ្នាំ​មុន » ៕