ការ​លក់​លំនៅ​ឋាន​បាន​ឆាប់រហ័ស អាស្រ័យ​លើ​ចំណុច​អ្វីខ្លះ?

បញ្ហា​ធំ​ក្នុង​ការ​លក់​លំនៅ​ឋាន គឺ​មិន​អាច​លក់​បាន​លឿន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ។ ម្ចាស់​លំនៅ​ឋាន​មួយ​ចំនួន​បាន​ប្រើ​ពេលវេលា​ជា​ច្រើន​ឆ្នាំ ក៏​នៅ​តែ​លក់​មិន​ដាច់ ដែល​ត្រូវការ​អត់ធ្មត់ និង​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​លក់​។ ដូច្នេះ​ដើម្បី​លក់​លំនៅ​ឋាន​ឱ្យ​បាន​ឆាប់រហ័ស លោក​អ្នក​គួរតែ​ឈ្វេងយល់​ពី​ចំណុច​គោល​ខ្លះ​ៗ និង​អាច​យក​ទៅ​ប្រើប្រាស់​ផង​ដែរ ។

១-​តុបតែង​លំនៅ​ឋាន ៖
យើង​អាច​តុបតែង​លំនៅ​ឋាន​ឱ្យ​ស្អាត ដោយ​ការ​លាប​ពណ៌​ថ្មី និង​ជួសជុល​ផ្នែក​ខ្លះ​ធ្វើ​យ៉ាងណា​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកទិញ​។ ការ​តុបតែង​នេះ ត្រូវ​តែ​ធ្វើ​ឡើង​នៅ​មុន​ពេល​លក់ជានិច្ច ។

២-​ប៉ាន់ស្មាន​តម្លៃ ៖
នៅ​ពេល​ដែល​លំនៅ​ឋាន​ត្រូវ​បាន​កែ​លម្អ​ឱ្យ​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​ដទៃ​ហើយ ជំហាន​បន្ទាប់​ទៀត គឺ​ត្រូវ​កំណត់​តម្លៃ​លំនៅ​ឋាន​ឱ្យ​សម​ស្រប ដោយ​អាច​ជួល​អ្នកមាន​អាជីព ឬ​អ្នកជំនាញ មក​ជួយ​ដាក់​តម្លៃ​ឱ្យ​ស្រប​នឹង​ទីផ្សារ​បច្ចុប្បន្ន ហើយ​យើង​អាចយ​កតាម​តម្លៃ​នោះ ។

៣-​ជួយ​រក​ប្រភព​ប្រាក់​ដល់​អ្នកទិញ ៖
ប្រាក់ គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ទិញ​/​លក់​លំនៅ​ឋាន ពីព្រោះ​ការ​ទិញ​/​លក់​លំនៅ​ឋាន​ភាគច្រើន​បាន​ពឹងផ្អែក​លើ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ការ​ជួយ​ផ្តល់​កម្ចី ។ ការ​ស្វែងរក​ប្រភព​ប្រាក់ ឬ​ស្ថាប័នហិរញ្ញវត្ថុ​សម្រាប់​ផ្តល់​កម្ចី​ទិញ​លំនៅ​ឋាន​ដល់​អតិថិជន គឺជា​វិធីសាស្ត្រ​មួយ​អាច​ជួយ​ឱ្យ​លំនៅ​ឋាន​លក់ដាច់​កាន់តែ​ឆាប់រហ័ស ។

៤-​ពិគ្រោះ​យោបល់​ពី​អ្នក​ច្បាប់ ៖
ដើម្បី​ជួយ​ឱ្យ​ការ​ទិញ​/​លក់​អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ គឺ​គួរ​រក​អ្នកចេះ​ច្បាប់​មក​ជួយ​ផ្តល់​យោបល់​ជា​និច្ច ពីព្រោះ​ក្រៅពី​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ហើយ​នោះ ថែម​ទាំង​ធ្វើ​ឱ្យ​ការ​ទិញ​/​លក់​លំនៅ​ឋាន​មានការ​ជឿជាក់​ពី​អ្នក​ដទៃ​ផង​ដែរ ។

៥-​ត្រៀម​ទុកជា​ស្រេច​នូវ​កិច្ចសន្យា​ទិញ​/​លក់ ៖
កិច្ចសន្យា​ទិញ​/​លក់ គឺជា​ឯកសារ​សំខាន់​មួយ ។ គ្រប់ពេល​ដែល​មាន​គម្រោង​លក់​លំនៅ​ឋាន គឺ​ត្រូវ​តែ​ត្រៀម​ទុកជា​និច្ច​នូវ​កិច្ចសន្យា និង​លិខិត​ឯកសារ​ផ្សេង​ៗ​ដែល​ចាំបាច់ ហើយ​នៅ​ពេល​មានការ​ចាំបាច់​ត្រូវធ្វើ​កិច្ចសន្យា គឺ​យើង​អាចយ​កមក​ប្រើ​បាន​ភ្លាម​ៗ​តែ​ម្តង ។

៦-​ជំរុញ​ការ​លក់ ៖
យើង​អាច​ផ្សព្វផ្សាយ​តាម​វិធី​ផ្សេង​ៗ​ដើម្បី​ជំរុញ​ដល់​ការ​លក់​លំនៅ​ឋាន ។ ការ​ផ្សព្វផ្សាយ​ពី​ការ​លក់​លំនៅ​ឋាន​តាម​សារព័ត៌មាន វិធី​ដែល​មាន​ប្រសិទ្ធភាព​មួយ គឺ​ជ្រើសរើស​ការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ និង​ឱ្យ​អ្នកទិញ​ចូល​មើល​លំនៅ​ឋាន ។ វិធីសាស្ត្រ​មួយទៀត​ដែល​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​សរសេរ​ពី​ចំណុច​ទាក់ទាញ​ផ្សេង​ៗ​នៃ​លំនៅ​ឋាន បន្ទាប់​មក​ចែក​ឱ្យ​អតិថិជន​ទាំងអស់​អាន ។

វិធីសាស្ត្រ​ទាំងអស់​ខាងលើ​នេះ គឺ​អ្នកលក់​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ។ ក្រៅពី​ជួយ​ជំរុញ​ឱ្យ​ការ​លក់​លំនៅ​ឋាន​បាន​លឿន​ហើយ គឺ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ឱ្យ​អ្នក​ជួយ​លក់​ទៀត​ផង និង​អាច​ទទួល​ប្រាក់​បាន​គ្រប់​ចំនួន​ផង​ដែរ ៕