វិនិយោគិន​ថៃ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​តំបន់ឧស្សាហកម្ម​ពិសេស​អូរ​នាង

ខេត្តបន្ទាយមានជ័យ ៖ វិនិយោគិន​ថៃ​ចំនួន​៣​ក្រុម​ផ្សេង​គ្នា​មក​ពី​ទីក្រុង​បាងកក ខេត្ត​ឈុ​ន​បូ​រី និង​ខេត្ត​នុ​ន​ថា​ក់បូ​រី កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា បាន​ចូល​មក​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន​ស៊ី​អិ​ល​អឹ​ម​វី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី (CLMV Holding Co., LTD) ដែល​មាន​លោក​បណ្ឌិត សុខ ប្រកប ជា​អគ្គនាយក​ក្រុមហ៊ុន ដើម្បី​ពិភាក្សា​ជាមួយ​ដៃគូ ក្នុង​គោលបំណង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ធុន​ស្រាល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្នុង​ជំនួប​ពិភាក្សា​នេះ លោក តាន់ យី​ម​ឆាយ អនុប្រធាន​ក្រុមហ៊ុន​ឆាយ​ឆាយ អិុ​ន​វេស​មិន នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង បាន​ធ្វើ​បទ​បង្ហាញ ពី​លក្ខណៈ​ភូមិសាស្ត្រ និង​ការ​ចុះហត្ថលេខា​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស ប្រមុខ​រាជរដ្ឋាភិបាល ។

លោក​លើក​ឡើង​ថា ៖ « ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​បច្ចុប្បន្ន​នេះ មាន​រោងចក្រ​ចំនួន​៧ តែ​៣​រោងចក្រ​មានកម្ម​ករ​កំពុង​បម្រើ​ការងារ និង​៤​រោងចក្រ​ទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ហើយ​ក៏​ជិត​ដំណើរការ​ផង​ដែរ ។ កាលពី​ថ្ងៃ​ទី​៣០ មេ​សា កន្លង​មក មាន​ក្រុមហ៊ុន​វិនិយោគ​របស់​ថៃ​ជា​ច្រើន តាម​រយៈ​ក្រុមហ៊ុន CLMV ដែល​មាន​លោក​បណ្ឌិត សុខ ប្រកប ជា​ប្រធាន បាន​ចុះ​កិច្ចសន្យា​លើ​ការ​អភិវឌ្ឍ​ផ្នែក​ឧស្សាហកម្ម​ធុន​ស្រាល​ជា​ច្រើន​រោងចក្រ​ក្នុង​តំបន់ឧស្សាហកម្ម​ពិសេស​អូរ​នាង​នេះ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន CLMV នេះ ក៏​បាន​ចុះហត្ថលេខា​លើ​ផ្នែក​សាងសង់​មួយ​ជាមួយ​សហគមន៍​កសិកម្ម​នាំ​ចេញ Cooperative Agriculture and Processing ដែល​មាន​លោក​បណ្ឌិត សុ​ន ស៊ី​ណា ជា​ប្រធាន​ទៀត​ផង » ។

លោក​បណ្ឌិត សុ​ន ស៊ី​ណា ប្រធាន​សហគមន៍​កសិកម្ម​នាំ​ចេញ Cooperative Agriculture and Processing ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​ក្រុមហ៊ុន CLMV បាន​លើក​ឡើង​ថា ៖ « ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​កម្ពុជា សម្រាប់​ស្រោចស្រព​លើ​ដំណាំ​កសិកម្ម គឺ​យក​ទឹក​ពី​ទន្លេសាប និង​ទន្លេមេគង្គ​មក​ចែកចាយ​ទូ​ទាំង​ប្រទេស ហើយ​ការ​អភិវឌ្ឍ​នេះ គឺប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថាមពលព្រះអាទិត្យ មាន​ន័យ​ថា យើង​មិន​ប្រើ​អគ្គិសនី​ទេ ដោយ​ជំហាន​ដំបូង​មាន​រយៈពេល​៥​ឆ្នាំ ដែល​បាន​វិនិយោគ​លើ​ទឹកប្រាក់​ចំនួន​១១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក » ។

លោក​បណ្ឌិត សុខ ប្រកប ប្រធាន​ក្រុមហ៊ុន​CLMV បាន​ប្រាប់​កោះសន្តិភាព​ក្រោយ​ជំនួប​ថា ៖ « ក្រុមហ៊ុន CLMV របស់​លោក​នឹង​ធ្វើការ​វិនិយោគ​លើ​ផ្នែក​ឧស្សាហកម្ម និង​កសិកម្ម នៅ​បណ្ដា​ប្រទេស​ចំនួន​៤​រួម​មាន កម្ពុជា ឡាវ​មី​យ៉ា​ន់​ម៉ា និង​វៀតណាម » ។

លោក​បន្ត​ថា ៖ « ផ្នែក​ឧស្សាហកម្ម លោក​នឹង​នាំ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ថៃ​មក​អភិវឌ្ឍន៍​នៅ​កម្ពុជា ព្រោះថា ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​បញ្ហា​កម្មករ និង​វត្ថុធាតុដើម​ថ្លៃ ដូច្នេះ ដើម្បី​បន្ថយ​ការ​ចំណាយ​លើ​បញ្ហា​នេះ លោក​នឹង​នាំ​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា​វិញ » ។

លោក​បញ្ជាក់​ថា ៖ « ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ស្រាល​ដែល​ត្រូវ​នាំ​មក​វិនិយោគ​នៅ​កម្ពុជា មក​ទល់​ពេល​នេះ​មាន​រោងចក្រ​ចំនួន​៣០០ ក្នុង​ចំណោម​៩៨៧​រោងចក្រ តាម​រយៈ​ក្រុមហ៊ុន​របស់​លោក​ដែល​បាន​ចុះបញ្ជី​រួច​ហើយ​។ ប្រទេស​ជិតខាង​ថៃ រួម​ទាំង​កម្ពុជា​ផង​ដែរ បាន​ប្រើប្រាស់​ផលិតផល​របស់​ថៃ​៨០% ទៅ​៩០% ដូច្នេះ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ការ​ផលិត និង​ការ​ដឹក​ជញ្ជូន លោក​នឹង​កៀរគរ​អ្នក​វិនិយោគ​មក​ធ្វើ​នៅ​កម្ពុជា​វិញ » ។

លោក​លើក​ឡើង​ថា ៖ « ការ​នាំ​អ្នក​វិនិយោគ​មក​ធ្វើ​នៅ​កម្ពុជា​នេះ សំខាន់​គឺ​ស្រប​ពេល​ដែល​ស្ថានការណ៍​នៅ​ប្រទេស​ថៃ​កំពុង​ខ្វះ​កម្មករ​ធ្វើការ ហើយ​តម្លៃ​ការងារ និង​វត្ថុ​ធាតុ​ដើម​ក៏​ថ្លៃ​ទៀត ។ រីឯ​អ្នក​វិនិយោគ​វិញ ក៏​គេ​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​ទាំង​រីករាយ​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ កម្លាំង​ពលកម្ម​នៅ​កម្ពុជា ក៏​មានការ​ងារ​ធ្វើ ហើយ​ពលករ​ខុសច្បាប់​អាច​វិល​មក​ធ្វើការ​នៅ​ប្រទេស​ខ្លួន​វិញ​បាន ព្រោះថា ការ​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​គេ​ពិតជា​ពិបាក មិនតែប៉ុណ្ណោះ អ្នកស្រែ​ចម្ការ​ក៏​អាច​ដាំ​ដំណាំ​នាំ​យក​ទៅ​ផ្គត់ផ្គង់​នៅ​តំបន់ឧស្សាហកម្ម​ពិសេស​អូរ​នាង​បាន​ផង​ដែរ » ។

លោក តាន់ យី​ម​ឆាយ អនុប្រធាន​ក្រុមហ៊ុន​ឆាយ​ឆាយ អុ​ិ​ន​វេស​មិន នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ក៏​បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា ៖ « ក្រុមហ៊ុន CLMV បាន​ដាក់​ទុន​ធំ​ណាស់​ដើម្បី​បង្កើត​ការងារ​រោងចក្រ​ផង និង​លើក​ស្ទួយ​តំបន់ឧស្សាហកម្ម​ពិសេស​នេះ​ឲ្យ​ចូល​ជា​ស្តង់ដា​អាស៊ាន​ក្នុង​ទសវត្សរ៍​ទី​២១​ផង ។ អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម » ។

គួរ​បញ្ជាក់​ថា គម្រោង​ទឹក​ស្រោចស្រព​វិស័យ​កសិកម្ម ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​សហគមន៍​ចម្រាញ់​កសិផល​ប៉ៃលិន​ជឿនលឿន​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ស៊ី​អិ​ល​អឹ​ម​វី ហូល​ឌី​ង ខូ​អិ​ល ធី​ឌី ក្នុង​ទំហំ​ទឹកប្រាក់​១១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ចាប់ផ្តើម​អនុវត្ត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​បណ្ឌិត សុ​ន ស៊ី​ណា ប្រធាន​សហគមន៍​ចម្រាញ់​កសិផល​ប៉ៃលិន​ជឿនលឿន ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៨ មេ​សា កន្លង​មក ។

ការ​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​នេះ គឺ​ដើម្បី​ផ្ដល់​ទឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ឱ្យ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​តាម​ប្រព័ន្ធ​ធារាសាស្ត្រ​បែប​ទំនើប​កម្ម ដោយ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​មិន​ប្រើប្រាស់​ម៉ាស៊ីន និង​ប្រេងឥន្ធនៈ​ក្នុង​ការ​ទាញ​យក​ទឹក​ពី​ទន្លេមេគង្គ និង​ទន្លេសាប ដែល​ជា​គម្រោង​ទី​១​នៅ​កម្ពុជា ដោយ​ផ្តើម​ចេញពី​ខេត្តបន្ទាយមានជ័យ​មុនគេ ហើយ​ត្រូវ​ប្រើ​រយៈពេល​៥​ឆ្នាំ​ដើម្បី​សម្រេច​ផែនការ​ទូ​ទាំង​ប្រទេស​កម្ពុជា និង​ត្រូវ​ចំណាយ​ទុន​ដំបូង​ប្រមាណ​១១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក។
គួរ​រំឭក​ផង​ដែរ ក្រុមហ៊ុន​ស៊ី​អិ​ល​អឹ​ម​វី  ហូល​ឌី​ង កាលពី​ថ្ងៃ​ទី​៣០ មក​រា ដើមឆ្នាំ​នេះ ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ស្ដី​ពី​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​អូរ​នាង ជាមួយ​ក្រុមហ៊ុន​ឆាយ​ឆាយ អិុន​វេស​មេន ផង​ដែរ ដោយ​ក្រុមហ៊ុន CLMV បាន​ចុះ​ទុន​ប្រមាណ​១​សែន​លាន​បាត​ដើម្បី​អភិវឌ្ឍន៍​ជាមួយ​ដៃគូ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​តំបន់​ប៉ោយ​ប៉ែ​ត​អូរ​នាង មានការ​រីក​ចម្រើន​ដូច​តំបន់​សេដ្ឋកិច្ច​ពិសេស​ដទៃ​ទៀត​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ដែរ ៕