PM ឃាត់ខ្លួន​ជនសង្ស័យ​តាម​ដីកា​ពី​បទ​ករណី​ជួញដូរ​គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៦ នេះ កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ចំនួន​៨​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ភឿ​ក ព្រហ្ម មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ រុន រិ​ទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​កន្លង​មក ក្រោយ​ពី​ឃាត់ខ្លួន​ហើយ​នោះ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង បាន​មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​ឈ្មោះ រុន រិ​ទ្ធី យោង​តាម​ដីកា​លេខ​៣៥៦ ចុះ​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ របស់​សាលាដំបូង​ខេត្តបន្ទាយ​មានជ័យ ចេញ​ដោយ​ចៅក្រម​ជំនុំជម្រះ លី មេ​ង​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ទៀត​ថា កន្លង​មក ជនសង្ស័យ​ឈ្មោះ រុន រិ​ទ្ធី នេះ បាន​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ កាលពី​ថ្ងៃ​៥ មក​រា ២០១៥ កន្លង​មក រួច​គេចខ្លួន​បាត់ ។ ជនសង្ស័យ​នេះ ត្រូវ​មានទោស​ពី​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ តាម​មាត្រា​ទី​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ជួញដូរ​គ្រឿងញៀន គិត​ពី​ថ្ងៃ​ចាប់ខ្លួន​បាន​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ត្រូវ​បានក​ម្លាំ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​តុលាការ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ហើយ​៕