ចាប់ចោរ​ពូកែ​លួច​ខោ​ក្នុង​…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​លួច​ខោ​យ៉ាង​សកម្ម​នៅ​ក្នុង​រោងចក្រ​នោះ​ត្រូវ​បាន​សន្តិសុខ​យាម​រោងចក្រ​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​២​នាក់​បាន​លួច​ខោ​របស់​ក្រុមហ៊ុន​។

ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២១ ឧសភា ២០១៦ ចំណុច​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ យឺ​ហោ ហ៊ី​រ៉ូ​តា ក្នុងភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

លោក​ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​និយាយ​ឱ្យ​ដឹង​ថា មុខសញ្ញា​លួច​ខោ​២​នាក់​នេះ ១-​ឈ្មោះ  អ៊ិ​ន  វាសនា  ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​ខាងលើ រស់នៅ​ក្នុងភូមិ​ស្វាយ​ក្រវាន់ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​២-​ឈ្មោះ ព្រើ​ង  ឆេ​ង​លី  ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ​រោងចក្រ រស់នៅ​ក្នុងភូមិ​ក្រាំង​ពង្រ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

លោក​បាន​បន្ត​ថា ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ខោ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ ជា​យូរណាស់​មក​ហើយ តែ​មិន​ដែល​ចាប់​បាន​ភស្តុ​តាង​ឡើយ ទើប​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២១ នេះ​ខាង​ក្រុម​សន្តិសុខ​យាម​ក្នុង​រោងចក្រ​ឃាត់ខ្លួន​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​។

លោក​អធិការរង​បាន​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ដកហូត​វត្ថុ​តាង​មាន​ខោ​ចំនួន​២៤ រួច​ក៏​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕