មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ត្រូវ​ទទួល​អ្នកជំងឺ​ដោយ​រាក់ទាក់

ប្រជាជន​ដែល​មាន​ពិសោធន៍​នៅ​ក្នុង​ការ​បញ្ជូន​សាច់ញាតិ​ចូល​មន្ទីរពេទ្យ​រដ្ឋ​ច្រើន​ជួប​ប្រទះ​ថា នៅ​ពេល​ដែល​បញ្ជូន​មនុស្ស​ដល់​មន្ទីរពេទ្យ អ្នកជំងឺ​មិន​ត្រូវ​បាន​ទទួល​រាក់ទាក់​ឡើយ​។

អ្នកជំងឺ​ដែល​ត្រូវ​ទទួល​សង្គ្រោះ​បន្ទាន់​ត្រូវ​តែ​ទទួល​រាក់ទាក់​បំផុត និង​រួសរាន់​បំផុត​។ ពេលវេលា​មាន​សារសំខាន់​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​តែ​ទទួល​សង្គ្រោះ​បន្ទាន់។ ការ​ខកខាន​តែ​ប៉ុន្មាន​នាទី​អាច​នឹង​ធ្វើ​ឱ្យ​យឺត​ពេល​នៅ​ក្នុង​ការ​សង្គ្រោះ​ជីវិត​។ ដូច្នេះ​គ្រូពេទ្យ​ត្រូវ​តែ​មាន​ភាព​រហ័សរហួន​នៅ​ក្នុង​ការ​ទទួល​ពិនិត្យ​និង​ព្យាបាល​អ្នកជំងឺ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ក៏​មានកា​រអ៊ូរទាំ​ជា​ច្រើន​ចំពោះ​ភាពយឺត​យ៉ាវ​តាម​ពេទ្យ​រដ្ឋ​នៅ​ក្នុង​ការ​ទទួល​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​យ៉ាង​រហ័សរហួន​។

មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ត្រូវ​តែ​ធានា​ថា គ្មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​ស្លាប់​ដោយសារ​ភាពយឺត​យ៉ាវ​របស់​គ្រូពេទ្យ​នោះ​ឡើយ​។

ចំណែក​គ្រូពេទ្យ​ដែល​ធ្វើ​ការងារ​សង្គ្រោះ​បន្ទាន់​ត្រូវ​តែ​ទទួល​បានការ​លើកទឹកចិត្ត​ច្រើន​ជាងគេ​ឱ្យ​សម​នឹង​កិច្ច​ខិតខំ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ ផ្ទុយ​មក​វិញ គ្រូពេទ្យ​ដែល​មិន​បាន​ ឬ​ខកខាន​បំពេញភារកិច្ច​តាម​ការ​ទទួលខុសត្រូវ​សម​នឹង​ទទួល​ការ​ដាក់​ពិន័យ​ទៅ​តាម​ភាព​ធ្ងន់ធ្ងរ​នៃ​កំហុស​របស់​ពួក​គេ​។

គោលការណ៍​លើកទឹកចិត្ត និង​ពិន័យ​ត្រូវ​យក​មក​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ធានា​ថា គ្រប់​អ្នកជំងឺ​ធ្ងន់ធ្ងរ​មិន​ថា អ្នកក្រ ឬ​អ្នកមាន​ឡើយ ត្រូវ​តែ​ទទួល​បានការ​ពិនិត្យ និង​ព្យាបាល​យ៉ាង​រហ័ស​បំផុត​។ ជីវិត​មនុស្ស​មិន​ត្រូវ​បាត់បង់​ដោយសារ​តែ​ការ​ធ្វេសប្រហែស ឬ​ភាពយឺត​យ៉ាវ​របស់​គ្រូពេទ្យ​ឡើយ​។

នៅ​ពេល​ដែល​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​អាច​មាន​គ្រូពេទ្យ​ដែល​ចិត្តធម៌ និង​ទទួលខុសត្រូវ​កាន់តែ​ច្រើ​នោះ ជីវិត​មនុស្ស​កាន់តែ​ច្រើន​នឹង​ត្រូវ​បាន​សង្គ្រោះ​។ ជា​បណ្តើរ​ៗ កេ​រ្ត៍​ឈ្មោះ​គ្រូពេទ្យ​កាន់តែ​ល្អ​ឡើង​ៗ ហើយ​គ្រូពេទ្យ​នឹង​ទទួល​បានការ​គោរព​កាន់តែ​ច្រើន​ពី​សាធារណជន​៕