ផ្អើល​ពេញ​រោងការ ! កំពុង​រៀប​ការ​ឪពុក​កូនក្រមុំ​ស្លាប់

ខេត្ត​ព្រះ​សីហ​នុ ៖  ផ្អើល​ពេញ​ពិធី​មង្គលការ​មួយ​ខណៈ​ពេល​ដែល​ភ្ញៀវ​កំពុង​ពិសារ​ភោជនីយ​ហារ​យ៉ាង​សប្បាយ​ក្អាកក្អាយ ស្រាប់តែ​ឪពុក​កូនក្រមុំ​បាន​ស្លាប់​បាត់បង់​ជិ​វិត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ឪពុក​កូនក្រមុំ​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ ជួប មុត អាយុ​៦៣​ឆ្នាំ ជា​មេ​ភូមិ​ត្រពាំង​គា ។ ប្រភព​ឲ្យ​ដឹង​ទៀត​ថា ឪពុក​កូនក្រមុំ​រូប​នោះ​គាត់​មាន​ជំងឺ​ជា​យូរណាស់​មក​ហើយ ហើយ​នៅ​មុន​ពេល​រៀប​ការកូន​គាត់​ក៏​បាន​ធូរ​ខ្លះ​ដែរ រហូត​ដល់​ថ្ងៃ​ការ​រូប​គាត់​ក៏​មិន​បាន​ចេញ​មក​ទទួលភ្ញៀវ​ដូច​អ្នក​ដទៃ​ឡើយ ដោយ​ដេក​នៅ​ក្នុងផ្ទះ ។ លុះដល់​ម៉ោង​កើតហេតុ ស្រប​ពេល​ដែល​ភ្ញៀវ​កំពុង​សប្បាយ​រីករាយ​យ៉ាងច្រើន​កុះករ​នោះ រូប​គាត់​ក៏​មាន​អាកា​រៈ​មិនសូវ​ស្រួល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ និង​ភ្ញៀវ​ទាំងអស់ ហើយ​មិនយូរ​ប៉ុន្មាន​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ទៅ ។

ប្រភព​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ភ្ញៀវ​មួយ​ចំនួន​ក៏​បន្ត​ហូប​ចុក​តាម​ធម្មតា​រហូត​ដល់​ចប់​ពិធី ឯ​មួយ​ចំនួន​ទៀត​ក៏​មានការ​រន្ធត់​ចិត្ត​ពេក​ក្រៃ​ផង​ដែរ ខណៈ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅផ្ទះ​កូន​មួយទៀត​ដែល​ក្រោយ​ផ្ទះ​ដែល​កំពុង​មាន​ពិធី ។ លុះ​ព្រឹក​ឡើង​សព​ត្រូវ​បាន​យក​មក​ផ្ទះ​វិញ ដោយ​រុះ​រោងការ​ចេញ​សង់រោង​បុណ្យសព​ជំនួស​វិញ​តាម​ប្រពៃណី និង​ពោរពេញ​ដោយ​ក្តី​ក្រៀមក្រំ​បំផុត ៕