ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ត្រូវ​ជាប់​ខ្នោះ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ និង​ប្រជា​ការពារ​សង្កាត់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ឧសភា ២០១៦ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ចាន់ ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ វៀតណាម មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ០១​កញ្ចប់​ធំ ព្រមទាំង​ថ្នាំ​គ្រាប់​ប្រភេទ​គ្រវី ០១​គ្រាប់​, សោរ​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​ចំនួន​០២ និង​ដែក​ទួ​ណី​វី​ស​ចំនួន​០២​ផង​ដែរ ។

តាម​នគរបាល​ប៉ុស្តិ៍​នគរបាល​ឫស្សី​កែវ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២២ ឧសភា ២០១៦ កម្លាំង​សមត្ថកិច្ច​យើង​បាន​ជិះ​ល្បាត​ជុំវិញ​មូលដ្ឋាន ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ ០២​នាក់ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​។ ដោយ​មានការ​សង្ស័យ​បាន​ហៅ​ឱ្យ​ឈប់ ស្រាប់តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល និង​ប្រជា​ការពារ​ដេញ​ឃាត់ខ្លួន​បាន​ម្នាក់​ទៀត ឆែកឆេរ​មាន​គ្រឿងញៀន និង​ដែក​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​៕