ក្រុមបច្ចេកទេស​វិស្វករ​ចុះ​ពិនិត្យ ដើម្បី​សាងសង់​ស្ពាន​កាត់​ទន្លេមេគង្គ

ខេត្តកំពង់ចាម ៖ ក្រុម​វិស្វករ​របស់​ក្រុមហ៊ុន ស៊ា​ង ហៃ រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​បាន​ចុះ​សិក្សា ពី​ផល​ប៉ះពាល់​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ស្រុក​ស្ទឹង​ត្រង់ ដើម្បី​សាងសង់​ស្ពានបេតុង​កាត់ ទន្លេមេគង្គ ពី​ត្រើយ​ស្រុក​ស្ទឹង​ត្រង់ ឆ្ពោះទៅ​ស្រុក​ក្រូចឆ្មា ។ ស្ពាន​ដែល​មាន​តម្លៃ​ច្រើន​លាន​ដុល្លា​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​ក្នុង​ពេល​ខាង​មុខ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់ ទិស​ទី​បាន​ដោយ​រហ័ស​ទាន់ចិត្ត​ផង​ដែរ ។

លោក សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមបច្ចេកទេស​បរទេស​មាន​វិស្វករ​ជនជាតិ​ចិន​៥​នាក់ អមដំណើរ​ដោយ​អគ្គ​រង​សាធារណៈការ អាជ្ញាធរ​ស្រុក ត្រូវ​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដោយ​បាន​ធ្វើការ​វាស់វែង និង​បាន​បង្ហោះ​យន្ត​ដ្រូ​ន ទៅ​លើ​អាកាស​ដើម្បី​ស្វែងរក ចំណុច​តាំង​ដែល​គ្រោង នឹង​សាងសង់​ស្ពានបេតុង​មាន​ទទឹង​១២​ម៉ែត្រ និង​បណ្តោយ​អាច​ប្រវែង​ជាង​១.០០០​ម៉ែត្រ កាត់​ទន្លេមេគង្គ​គឺជា​ស្ពាន​ទី​២ បន្ទាប់​ពី​ស្ពាន​គី​ហ្ស៊ុ​ណា​ក្នុង​ខេត្តកំពង់ចាម ។

លោក​សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​របស់​ក្រុមបច្ចេកទេស​នៅ​តាម​ជួរ​មាត់ទន្លេ​រួច​មក ក៏​បាន​បន្តដំណើរ​ឡើង​មក​លើ​ទួល​មើលផ្លូវ ខេត្ត​លេខ​២២២ ដែល​បាន​ត​ភ្ជាប់​ពី​ស្រុក​ចំការលើ​មក​ស្រុក​ស្ទឹង​ត្រង់ ដើម្បី​ត្រូវ​កែ​លម្អ​ពង្រីក​ឲ្យ​ធំ​ទូលាយ​ជាង​មុន ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក សម្រាប់​ភ្ជាប់​មក​គល់​ស្ពាន​ក្នុងស្រុក​ស្ទឹង​ត្រង់នោះ ។ លោក ងួ​ន សុខ​ផេង វ័យ​ជាង​៤០​ឆ្នាំ​ផ្លា​យ នៅ​ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ប្រាប់​ឲ្យ​ដឹង​ថា រូប​លោក​មាន​សេចក្តី​ត្រេកអរ​ណាស់ បើសិនជា​ស្ពានបេតុង​ឆ្លងកាត់​ទន្លេមេគង្គ ក្នុងស្រុក​ស្ទឹង​ត្រង់ លេច​ចេញ​រូបរាង​ឡើង​ក្នុង​ពេល​ខាង​មុខ ព្រោះថា​លែង​មាន​ចំណាយ​លុយ​សម្រាប់​ឆ្លងសាឡា​ង ហើយ​អាច​ធ្វើ​ដំណើរ​នៅ​ពេល​ណា​ក៏​បាន​ពោល​គឺ​២៤​ម៉ោង​តែ​ម្តង ។

ចំណែក​លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​មាន​ទឹកចិត្ត អាណិត​ស្រលាញ់​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹង​ត្រង់នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រសូតិ​ចេញពី​កូន​កសិករ បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ចិន​ក៏​បាន​ឯកភាព​ផ្តល់​នូវ​ជំនួយ​ឥត​សំណង ស្ពានបេតុង​កាត់​ទន្លេមេគង្គ​ពី​ស្ទឹង​ត្រង់ ទៅ​ស្រុក​ក្រូចឆ្មា​។ មុន​នឹង​សាង​ស្ពាន​គឺ​ក្រុមបច្ចេកទេស បាន​ចុះ​ទៅ​សិក្សា​មើល​ពី​ផល​ប៉ះពាល់ ដោយ​មាន​ភាព​ល្អិតល្អន់ ជា​មុន​សិន​ថា​តើ​ត្រូវ​សាងសង់​នៅ​ត្រង់​ចំណុច​ណាមួយ មាន​បណ្តោយ​ប៉ុន្មាន និង​ទទឹង​ប៉ុន្មាន​ម៉ែត្រ​នោះ ហើយ​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ដ៏​ត្រចះត្រចង់​នៅ​ខេត្តកំពង់ចាម ៕