ចៅហ្វាយស្រុក​ចុះ​ចាប់​សង្វៀន​បញ្ជល់មាន់ បៀ អាប៉ោង

ខេត្តរតនគិរី ៖ កម្លាំង​គណៈ​បញ្ជាការ​ស្រុក​បរ​កែវ រួម​មាន​កម្លាំង​នគរបាល​ស្រុក​បរ​កែវ និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បរ​កែវ នៅ​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា បាន​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​លួចលាក់​មួយ​កន្លែង​មាន​ទីតាំង​ស្ថិត​ក្នុង​ចំការ​ស្វាយចន្ទី ស្ថិត​ភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​ដឹកនាំ​ដោយ​លោក ហេង ប៊ុ​ន្នី អភិបាលស្រុក​បរ​កែវ​។

លោក ហេង ប៊ុ​ន្នី ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា តំបន់​ខាងលើ​លួចលាក់​បើក​សង្វៀន​ជល់​មាន់​លាយ​ជាមួយ​និង​វង់​បៀ អាប៉ោង​នោះ រូប​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។ លោក ហេង ប៊ុ​ន្នី ប្រាប់​បន្ត​ទៀត​ថា​ពេល​ដែល​កម្លាំង​ចុះ​ទៅ​ដល់​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ដឹងខ្លួន​ទាន់ នាំ​គ្នា​រត់គេច​ខ្លួន​អស់ ដោយ​បន្សល់​ទុក​តែ​ឧបករណ៍​លេងល្បែង​បន្តិចបន្តួច ពោល​គឺ​ពុំ​បាន​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​បាន​ទេ ។ ប៉ុន្តែ​លោក​អភិបាលស្រុក​បរ​កែវ​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​ចំការ​ស្វាយចន្ទី​នេះ​រស់នៅ​រាជធានី​ភ្នំពេញ ដោយ​ជួល​កម្មករ​មើល​ចំការ​ស្វាយចន្ទី ហេតុ​ដូច្នេះ​ហើយ​ពុំ​បាន​ហៅ​ម្ចាស់​ចំការ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​នោះ​បាន​ទេ បាន​ត្រឹមតែ​ហៅ​កម្មករ​ដែល​ជា​អ្នកយាម​ចំការ​មក​ធ្វើ​កិច្ចសន្យា​ឈប់​ផ្តល់​កន្លែង​បើក​ល្បែងស៊ីសង​ខាងលើ​តទៅ​ទៀត បើ​ពុំនោះ​ទេ​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕