សង្ស័យ​ឧកញ៉ា ហាន់ ឃៀង ឈូស​ឆាយ​យក​ដី​ព្រៃ​លិច​ទឹក

ខេត្ត​ព្រះ​សីហ​នុ ៖ រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​ប្លង់​កម្ម​សិទ្ធិ​លើ​ដី​តំបន់​ព្រៃ​លិច​ទឹក​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា ហាន់ ឃៀង ក៏​ដូច​ជា​បុគ្គល​មួយ​ចំនួន​ផ្សេង​ទៀត​ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ បច្ចុប្បន្ន​កំពុង​ក្លាយទៅជា​ប្រធានបទ​មួយ​យ៉ាង​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​ក្រុម​អ្នកលេង​សម្តី​តាម​តុ​កាហ្វេ ដោយ​គេ​យល់​ថា​បញ្ហា​នេះ​ជា​អំពើ​ឃុបឃិត​យ៉ាង​ស៊ីសង្វាក់​របស់​អា​ជា្ញ​ធរ​មូលដ្ឋាន​តំបន់​នោះ ជាមួយនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​គឺ​មន្ត្រី​ជំនាញ​សុរិយោដី​តែ​ម្តង រំលោភ​បំពាន​លើ​ច្បាប់​ភូមិបាល​ទាំងស្រុង ។

ទោះបីជា​យ៉ាងនេះ​ក៏​ដោយ សម្រាប់​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ព្រៃ​នប់​ក៏​មានការ​បកស្រាយ​ខ្លះ​ៗ​ផង​ដែរ​ចំពោះ​បញ្ហា​នេះ ដោយ​បាន​លើក​ឡើង​ថា ដី​តំបន់​នោះ​ដើម​ឡើយ​មិនមែន​ជា​ដី​ព្រៃ​លិច​ទឹក​ទេ ។

លោក សើ យុ ប្រធាន​ភូមិ​ព្រៃ​ទាល់ ឃុំ​ទឹកថ្លា ក្នុង​កិច្ច​សម្ភាស​ជាមួយ​ក្រុម​អ្នក​សា​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៦ បាន​និយាយ​បញ្ជាក់​ថា ដី​តំបន់​នេះ​គឺជា​ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើស្រែ​ចម្ការ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៦០​មក​ម្ល៉េះ ហើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ជំនាន់​របប ប៉ុ​ល ពត ក៏​ដី​តំបន់​នោះ​នៅ​តែ​ធ្វើស្រែ​ចម្ការ​ដដែល គឺ​ធ្វើ​ជា​លក្ខណៈ​ជា​ក្រុមសាមគ្គី ហើយ​ទំនន់​ការពារ​ទឹកប្រៃ​កាលនោះ​ក៏​នៅ​ល្អ​ផង​ដែរ រហូត​មក​ដល់​ឆ្នាំ​១៩៧៩ ថ្ងៃ​រំដោះ ទំនប់​ទឹកប្រៃ​នោះ​ក៏​នៅ​ល្អ​ធម្មតា មិន​មានការ​ខូចខាត​នោះ​ទេ ។

លុះ​មក​ដល់​ឆ្នាំ​១៩៨០-១៩៨១ ទំនប់​ការពារ​ទឹកប្រៃ​នោះ​ក៏​បាន​រង​ការ​ខូចខាត ហើយ​ត្រូវ​បាន​មន្ទីរ​កសិកម្ម​ជំនាន់​នោះ​ធ្វើការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​រូ​ម​គ្នា​លើក​ទំនប់​ឡើង​វិញ ប៉ុន្តែ​មិន​អាច​ធ្វើ​ទំនប់​ឡើង​វិញ​បាន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ទឹកសមុទ្រ​វា​លុក​ហូរ​ចូល​ដីស្រែ​ចម្ការ ហើយ​ព្រៃ​លិច​ទឹក​ក៏​ចាប់ផ្តើម​ដុះ​ជា​បណ្តើរ​ៗ​តាំងពី​ពេល​នោះ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចំការ​លែង​កើត​រហូត​មក ។

នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣ ដី​ព្រៃ​លិច​ទឹក​តំបន់​នោះ​ទាំងអស់​ត្រូវ​បាន​រដ្ឋ​ប្រកាស​ចេញ​ប្លង់​កម្មសិទ្ធិ (​ប្លង់​ស្លាប មាន់​) ជូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​កាន់កាប់​ពី​មុន​មក ដើម្បី​មាន​សិទ្ធិ​គ្រប់គ្រាន់​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​តាមតែ​អាច​ធ្វើ​ទៅ​បាន ។ ក្រោយមក​ទៀត​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៣-២០០៤ មន្ត្រី​ជំនាញ​សុរិយោដី​ក៏​បាន​ចុះ​ធ្វើការ​វាស់វែង​ដី​តំបន់​ព្រៃ​លិច​ដដែល​នេះ ប្តូរ​ពី​ប្លង់​សា្ល​ប​មាន់​មក​ជា​ប្លង់​លក្ខណៈ​ប្រព័ន្ធ​វិញ​ទាំងអស់​រហូត​មក​ដល់​សព្វថ្ងៃ​តែ​ម្តង ។

ដោយឡែក សម្រាប់​លោក ភឿន ណាំ ជា​មេឃុំ​ទឹកថ្លា មិន​បាន​ធ្វើការ​បកស្រាយ​ឲ្យ​បាន​ក្បោះក្បាយ​អ្វី​នោះ​ទេ ព្រោះ​យល់​ថា អ្វី​ដែល​លោក​ចង់​និយាយ នឹង​ចង់​បញ្ជាក់ មិន​ខុស​គ្នា​នឹង​អ្វី​ដែល​លោក សើ យុ ជា​មេ​ភូមិ​ព្រៃ​ទាល់​និយាយ​រៀបរាប់​ខាងលើ​នេះ​ឡើយ ។

ចំណែកឯ លោក ទិ​ត  វុ​ទ្ធី អភិបាលស្រុក​ព្រៃ​នប់ ក៏​បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា បើ​ពិនិត្យ​ទៅ​លើ​ឯកសារ​ពាក់ព័ន្ធ​របស់​មន្ត្រី​ជំនាញ​សុរិយោដី​លើ​ដី​តំបន់​ព្រៃ​លិច​ទឹក​ទៅ​ឲ្យ​លោក​ឧកញ៉ា ហាន់ ឃៀង ក៏​ដូច​ជា​ការ​ចេញ​ប្លង់​កម្មសិទ្ធិ កន្លែង​ផ្សេង​ទៀត​ក្នុង​ឃុំ​ទឹកថ្លា​នេះ ដូច​ជា​មិន​មាន​អ្វី​ខុសច្បាប់​នោះ​ទេ ពីព្រោះ​ដី​ចំណុច​នេះ​មុន​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ជា​លក្ខណៈ​ប្រព័ន្ធ​បាន គឺ​ឆ្លងកាត់​ប្រាំ​ដំណាក់កាល​ឯណោះ មិនមែន​ចេះ​តែ​ធ្វើ​ៗ​នោះ​ទេ ។ ហើយ​ចំណែក​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ហាន់ ឃៀង ចុះ​ឈូស​ឆាយដី​ដែល​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ប្រមាណ​៥០​ហិ​កតា​ដើម្បី​កែប្រែ​ជា​ដី​កសិកម្ម​ក៏​មិន​មាន​អ្វី​ខុស​ទេ ព្រោះ​ក្រុមហ៊ុន​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ។

គួរ​រំលឹក​ផង​ដែរ​ថា ដី​តំបន់​ព្រៃ​លិច​ទឹក​ខាងលើ​នេះ ដើម​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៤-២០០៥ ត្រូវ​បាន​ប្រកាស់​ចេញ​ប្លង់​កម្មសិទ្ធិ​ចំនួន​៣៩​ប្លង់ ស្មើនឹង​ដី​ទំហំ​ជាង​១១៥.៨៣​ហិ​កតា ប៉ុន្តែ​ត្រូវ​បាន​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ​ជំនាន់​នោះ​ធ្វើការ​ប្តឹង​ជំទាស់​មិន​ឯកភាព​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ជា​ដី​ព្រៃ​លិច​ទឹក ។ លុះ​ក្រោយមក​នៅ​អំឡុង​ឆ្នាំ​២០០៧ ជំនាន់​លោក សាយ ហាក់ ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ ដី​តំបន់​ព្រៃ​លិច​ទឹក​ខាងលើ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​ទាំងអស់ នឹង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​យក​ដី​ព្រៃ​លិច​ទឹក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​នោះ​ឡើយ ព្រមទាំង​មានការ​ឯកភាព​យ៉ាង​ច្បាស់​ពី​អាជ្ញាធរ​ពាក់​ព័​ន្ឋ ៕