ក្រោយ​បុរសម្នាក់ស្លាប់ ​ក្រសួង​ជំនាញបិទគ្លីនិក ​«ឃឹម រ៉ានី»

រាជធានីភ្នំពេញ ៖ ​ទីបំផុតក្រសួងសុខាភិបាល​បានសម្រេចបិទ​មន្ទីរសម្រាកព្យាបាលជំងឺ«ឃឹម រ៉ានី» ​ដែលមានទីតំាង​ស្ថិតនៅផ្ទះ​លេខ១៤​ ផ្លូវលេខ៣១៥ ​សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

បើតាមសេចក្តីសម្រេច​របស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខា​ដោយលោករដ្ឋមន្រ្តី​ ម៉ម ប៊ុនហេង​ នៅថ្ងៃទី២៣ ឧសភា ២០១៦​នេះ ​បានបញ្ជាក់ពីមូលហេតុថា ​ដោយសារគ្លីនិក«ឃឹម​ រ៉ានី» ​បង្កឲ្យមានបញ្ហាជាច្រើន​លើកច្រើនសារ ​ដោយមិនគោរព​ទៅតាមកិច្ចសន្យា​របស់ខ្លួនពេលសុំបើក​មន្ទីរសម្រាកព្យាបាល​ ឃឹម រ៉ានី ​និងមិនគោរពទៅ​តាមការណែនំារបស់ក្រសួង​សុខាភិបាល ។

ជាការកត់សម្គាល់​ការបិទគ្លីនិក«ឃឹម រ៉ានី»នេះដែរ ​បានធ្វើឡើងបន្ទាបពី​បុរសម្នាក់បានប្រកាច់បែកពពុះមាត់ស្លាប់​ ក្រោយពេល បញ្ចូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ​កាលពីព្រឹកថ្ងៃទី២២ ​ខែឧសភា​ ឆ្នាំ២០១៦ ។

បើតាមសាច់ញាតិ​ជនរងគ្រោះបានឲ្យដឹងថា ​ មុនពេលកើតហេតុ​ ជនរងគ្រោះនិងមិត្តភក្តិឈ្មោះ​ រ៉ា ​ បានបបួលគ្នាទៅហូបគុយ ទាវ នៅម្តុំទួលគោក​ លុះហូបរួច​ ជនរងគ្រោះបានត្អូញ​ឈឺខ្នងខ្លំាង គ្រានោះក៍ក្រឡេកឃើញគ្លីនិកខាងលើ​​ក៍ចូលទៅឲ្យគ្រូពេទ្យ​ពិនិត្យ​ និងត្រូវគ្រូពេទ្យចាក់ថ្នំា២ម្ជុល ​ (មិនដឹងថាថ្នំាអី)​ ស្រាប់តែបន្តិចក្រោយមក​ ជនរងគ្រោះបានប្រកាច់​បែកពពុះមាត់ ឃើញ​សភាព​ដូច្នោះ គ្រូពេទ្យនៅគ្លីនិកឃឹមរ៉ានី ​បានបង្ខំឲ្យឈ្មោះ​ រ៉ា ផ្តិតមេដៃ ​រួចដឹកជនរងគ្រោះទៅ​សង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែទៅ​ដល់ត្រូវគ្រូពេទ្យបា្រប់ថា ​ជនរងគ្រោះស្លាប់បាត់ហើយ ​។ ជនរងគ្រោះឈ្មោះ ​ឡំា តៅគង់​ អាយុ២៨ឆ្នាំ​ មានទីលំនៅក្នុង​បុរីវិមាន​​ភ្នំពេញ​ ផ្ទះលេខ៥២សេ ​ផ្លូវ២០៩ សង្កាត់ច្រំាងចំរេះទី១ ​ខណ្ឌប្ញស្សីកែវ ​ ជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ឋនៈសាវីម៉ិច និងមាន​ប្រពន្ឋ​ឈ្មោះ​ សុខ រ័ត្នមុនី ​អាយុ២៨ឆ្នាំ ៕