ផ្ទុះ​ការ​តវ៉ា​ក្រោយ​​ដឹង​ថា​សាលា​រាជធានី​ភ្នំពេញ​គ្រោង​អភិវឌ្ឍ​ផ្សារ​កណ្តាល

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ អាជីវករ​ផ្សារ​កណ្តាល​បាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​ផ្សារ​ក្រោយ​ពី​ដឹង​ថា​សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​អភិវឌ្ឍ​ផ្សារ​ឡើង​វិញ តែ​ទោះជា​យ៉ាងណា​ក្រុម​អាជីវករ​ទាំងនោះ​បាន​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​ផ្សារ​កណ្តាល​ធ្វើ​តាម​គំរូ​ផ្សារ​ចាស់ ។

អាជីវករ​ម្នាក់​មានមុខ​របរ​លក់​សាច់​បាន​និយាយ​ថា ការ​អភិវឌ្ឍន៍​ផ្សារ​បងប្អូន​អាជីវករ​មិន​ប្រឆាំង​ទេ តែ​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​ការ​សន្យា​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ពួក​គាត់​ព្រួយបារម្ភ​ថា ការ​លើក​ឡើង​របស់​អាជ្ញាធរ​នឹង​មិន​ត្រូវ​បាន​ធ្វើ​ជូន​ក្រោយ​ពី​ផ្សារ​សាងសង់​រួច ដូច្នេះ​ពួក​គេ​សុំ​ថ្នាក់ដឹកនាំ​ទាំង​សាលាក្រុង និង​ខណ្ឌ ចេញ​មក​បញ្ជាក់ និង​ធានា​ឲ្យ​បាន​ត្រឹមត្រូវ​ ក៏​ប៉ុន្តែ​បងប្អូន​អាជីវករ​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ​សាងសង់​ផ្សារ​កណ្តាល​យក​គំរូ​តាម​ផ្សារ​ចាស់ ទើប​បងប្អូន​អាជីវករ​ឯកភាព ។

ទាក់ទិន​នឹង​ការ​តវ៉ា​របស់​អាជីវករ​ផ្សារ​កណ្តាល លោក ចាប ឌី​ណា ប្រធាន​ផ្សារ​កណ្តាល​ បាន​ឲ្យ​ដឹង​ថា នៅ​ចំពោះ​មុខ​ក្រុម​អាជីវករ​ជា​ច្រើន​នាក់ លោក​ក៏​បាន​លើក​ឡើង​នូវ​គុណសម្បត្តិ និង​ផលប្រយោជន៍​យ៉ាងច្រើន​ក្រោយ​ពេល​ផ្សារ​នេះ​បាន​ត្រូវ​សាងសង់​រួច​ជា​ស្ថាពរ ។ ផលប្រយោជន៍​ដែល​នឹង​ទទួល​បាន​នោះ​ត្រូវ​បាន​ប្រធាន​ផ្សារ​កណ្តាល​រូប​នេះ​ពន្យល់​ថា សម្រាប់​តូប​របស់​បងប្អូន​អាជីវករ​ចាស់​ទាំង​ប៉ុន្មាន មាន​ទំហំ​ប៉ុនណា នៅ​កន្លែង​ណា នោះ​នឹង​ទទួល​បាន​ដូច​ដើម ពោល​គឺ​គ្មាន​ការ​បាត់បង់​នោះ​ឡើយ ។ ដោយ​ឡែក​សម្រាប់​ក្រុម​អាជីវ​រលក់​ចល័ត​វិញ ក្រោយ​ពេល​សាងសង់​រួច​នោះ នឹង​មាន​ប័ណ្ណកម្មសិទ្ធិ​មួយ មិន​ដូច​ស្ថានភាព​លក់ដូរ​នៅ​ពេល​នេះ​ទេ ដែល​ត្រូវ​បាន​គេ​ដេញ​ពេល​ណា​ក៏​បាន ។ ហើយ​ការ​សាងសង់​វិញ គឺ​រដ្ឋ​ជា​អ្នក​ទទួល​បន្ទុក មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​សាងសង់​ធ្វើ​នោះ​ឡើយ ព្រមទាំង​គ្មាន​ការ​បង់ថ្លៃ​អ្វី​ទៀត​នោះ​ទេ ។ គម្រោង​អភិវឌ្ឍ​ផ្សារ​កណ្តាល គឺ​គ្មាន​ស្ថិត​នៅ​លើ​ការ​សម្រេច​របស់​អភិបាលក្រុង អភិបាល​ខណ្ឌ និង​លោក​ជា​ប្រធាន​ផ្សារ​នោះ​ទេ ពោល​គឺ​ស្ថិត​នៅ​លើ​ការ​សម្រេចចិត្ត​របស់​បងប្អូន​អាជីវករ​ទាំងអស់ បើសិន​បងប្អូន​មិន​យល់ព្រម​ទេ​នោះ ក៏​គ្មាន​ការ​អភិវឌ្ឍន៍​ផង​ដែរ ។

ក្រុម​អ្នក​តវ៉ា​បាន​បញ្ជាក់​ថា ពួក​គេ​ចង់​បានការ​អភិវឌ្ឍន៍​ផ្សារ​កណ្តាល​ដែល​ពេល​នេះ​ប្រឈម​ការ​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ជា​ពិសេស​ផ្សារ​ថ្ម​ដែល​មាន​សរសរ​ចាស់​ៗ​អាច​មានការ​បាក់​ស្រុត​ជាយថាហេតុ តែ​ពួក​គេ​ទ​ទួ​ច​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​សាងសង់​ផ្សារ​កណ្តាល​យក​គំរូ​តាម​ផ្សារ​ចាស់ ប៉ុន្តែ​បើ​ចង់​អភិវឌ្ឍ​បែប​ណា​នោះ​ត្រូវ​ឲ្យ​មាន​វត្តមាន​អាជីវករ​ចូលរួម​ផ្តល់​យោបល់​ក្នុង​ការ​សាងសង់​ផ្សារ​កណ្តាល  ។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុម​អាជីវករ​ផ្សារ​កណ្តាល​ផ្ទុះ​ការ​តវ៉ា​ក្នុង​ការ​អភិវឌ្ឍន៍​ផ្សារ ដែល​ផ្សារ​កណ្តាល​បច្ចុប្បន្ន​មាន​៨៧៤​តូប​(​ពេញ​សិទ្ធិ​) តូប​ចល័ត​៥៨២ និង​គ្រែ​លក់​លើ​ផ្លូវ​មាន​ជាង​៥០០​កន្លែង ៕