ថា​ម៉េច! មេខ្លោង​​ចោរ​​អាកា​ប្លន់​​កក្រើក​​​នោះ ជាគ្រូ​បង្រៀន​ផង​?

រាជធានីភ្នំពេញ ៖ ក្រុម​​ចោរ​​កាំភ្លើង​​អាកា ដែល​បាន​​ធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​​លើកដ៏​​កក្រើក​២ខេត្ត​​ក្នុងនោះ​មាន​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​ ​ត្រូវកម្លាំង​ប៉ូលិស​ចាប់ខ្លួន​មេខ្លោង​បាន​ហើយ កាលពី​វេលាម៉ោង០​២ ​និង​៤៥​នាទី​រសៀលថ្ងៃ​ទី​២២ ​ឧសភា ​​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

​​ការ​ចាប់ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដីការ​លេខ​​៥៣ដក.​ឧ​/២០១៥ ចុះ​ថ្ងៃ​ទី​៥ ​សីហា ឆ្នាំ​២០១៥ ដោយលោក ងួ​ន អ៊ីម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភាស៊ើបសួរ​សាលា​ឧ​ទ្ធ​រ​ណ៍​ ​ខណៈជនកំពុង​​គេចខ្លួន​ពី​ខេត្តព្រៃវែង មកសំងំ​​លាក់ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យជា​មេខ្លោង​​ចោរប្លន់​នេះ ឈ្មោះម៉ឹង សារី ហៅគ្រូ​ម៉េ​ង អាយុ​​ជាង​​៦០​​ឆ្នាំ ជា​អតីត​ជា​គ្រូបង្រៀននៅ​សាលា​បឋម​សិក្សា​វត្ត​ព្រៃ​ម្លុ​ង​ ដែល​ពេល​នេះ​ចូល​និវត្ត​ន៍​ហើយ​ និងមាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​វែង ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ​ដោយ​​ជា​​មេ​កន្ទុយលេខ​ប្រចាំ​ទីនោះ​ម្នាក់​ផង​​ដែរ ​។

ប្រភពបន្តថា ជន​​នេះ​​ជា​មេ​ខ្លោង ក្នុង​ការ​ដឹកនាំ​កូនក្រុម​​ប្លន់ ត្រូវ​បានប៉ូលិសខេត្តព្រៃវែង ក្រោម​ការ​បញ្ជា​របស់​លោក​ស្រេង ជា ស្នង​ការ​ប៉ូលិស​ខេត្ត សហការ​​​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ ដឹកនាំ​ដោយ​លោក​តូច ផ​ន អធិការរង​ប៉ូលិស​ខណ្ឌ ដោយ​មានការ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តព្រៃវែង សឿ​ន មុន្នី​រ័​ត្ន បាន​ធ្វើ​ការ​ចាប់ខ្លួន​បាន ​។

ប្រភពពី​​ប៉ូលិស​​ឱ្យ​​ដឹង​ថា ក្រុម​ចោរប្លន់​កាំភ្លើង​អាកា​មួយ​សម្បុក​នេះ មាន​គ្នា​ចំនួន​៥​នាក់ ប្រដាប់​ដោយកាំភ្លើង​អាកា​ចំនួន​២​ដើម និង​កាំភ្លើងខ្លី​១​ដើម ដែល​ប៉ូលិស​ខេត្តស្វាយរៀង​ដកហូត​បាន​ហើយ ។ មិនតែប៉ុណ្ណោះ មេខ្លោង​ម្នាក់​នេះ​ គឺជា​ជន​ទី​៣​ហើយ ដែល​ត្រូវ​បាន​​កម្លាំង​ចាប់ខ្លួន​បាន​ ។ ​