ប្រុងប្រយ័ត្ន! កើតឡើង​​​ដល់ខេត្តប៉ៃលិន​ហើយ​

ខេត្ត​​ប៉ៃលិន ៖ បន្ទាប់​ពី​លេចឮ​​តាម​បណ្តា​ខេត្ត​នានា​មួយ​ចំនួន​​ក្នុង​ប្រទេស​កម្ពុជាថា​ មាន​ករណី​ក្រុម​ចោរលួច​ពន្លះ​សាច់​គោ-ក្របី​របស់​​ប្រជាពលរដ្ឋ រហូត​មក​​ដល់​ទល់​​នេះ​​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ទើបតែ​មានការ​ភ្ញាក់ផ្អើល​ជា​លើក​​ដំបូង ដោយ​មេគោ​ផើម​​មួយ​ក្បាល​ក្នុង​ចំណោម​ហ្វូងគោ​​ចំនួន​១០​ក្បាល ត្រូវ​​​ក្រុម​ចោរលួច​វាយ​សម្លាប់​មេ​គោ រួច​ពន្លះ​អារ​យក​ភ្លៅ​ស្តាំ​ម្ខាង ខណៈ​ម្ចាស់​ដឹក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​ក្នុង​គុម្ពោត​ព្រៃ​មួយ​​កន្លែង ក្នុង​ក្រុង​ប៉ៃ​លិ​ន ។ លុះ​មាន​​ក្មេង​ៗ​ដើរ​លេង​ក្បែរ​នោះ​ ​ប្រទះ​ឃើញ​មេគោ​​នេះ ​ក៏​​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​​ឱ្យ​​ចុះ​រក​ម្ចាស់​គោ ដើម្បី​ចុះ​ទៅ​មើល​​។

​ហេតុការណ៍​​នេះ បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​​កាលពី​វេ​លា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ​ឧសភា ​២០១៦ ស្ថិត​នៅ​ក្នុង​គុម្ពោត​ព្រៃ​ខាង​ក្រោ​យ​អធិការ​ក្រុងប៉ៃលិន ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​បន្ត​​ថា ម្ចាស់​មេគោ​ផើម​ឈ្មោះ​ទឹម ប៊ុ​ន​ថា​ន ហៅ​ចក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អាជីវករ​កាប់​គោ​​លក់ មាន​ប្រពន្ធឈ្មោះ ​ឈ្មោះដ​ន រតនា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ។ ចំណែកឯ​ជនសង្ស័យ​ បន្ទាប់​ពី​វាយ​សម្លាប់​មេគោ​ជាប់​ចំណង​ រួច​​អារយក​ភ្លៅ​ស្តាំម្ខាង ​រួច​​រត់គេច​ខ្លួន​បាត់​ស្រមោល​​ ។

ម្ចាស់គោបន្ត​ថា ជា​រៀង​រាល់​ព្រឹក​រូប​​គាត់​តែងតែ​ដឹក​យក​មេគោ​ផើម​១​ក្បាល​ ទម្ងន់​ជាង​២០០​គីឡូក្រាម និង​គោ​ញី​​ឈ្មោល​​តូច​ធំ​ផ្សេងទៀត​​ ទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ក្បែរ​ផ្ទះ និង​នៅ​ក្នុង​គុម្ពោត​ព្រៃ​ខាងក្រោយ​អធិការ​ក្រុងប៉ៃលិន ។ កាលពី​​វេលា​ម៉ោង​០៦ ​និង​២០​នាទី​ព្រឹក​ (ថ្ងៃ​កើតហេតុ) គាត់​បាន​ដឹ​កគោ​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​ដូចសព្វមួយដង​នៅ​លើ​ដី​មាន​ស្មៅ​ខាងក្រោយ​ សណ្ឋាគារ​ហង្ស​មាស​​ចាស់ ជាប់​នឹង​សាលា​ក្រុ​ង​ប៉ៃលិន ។

ស្រាប់តែ​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ក៏​​មាន​គេ​មក​ប្រាប់​​ថា មេគោ​របស់​គាត់​ត្រូវ​ចោរលួច​ពន្លះ​យក​សាច់​ភ្លៅ​អស់​ម្ខាង​បាត់​ទៅ​ហើយ គាត់​មិន​ជឿ​​គេ​និយាយ​ប្រាប់​ឡើយ ព្រោះ​មិន​ធ្លាប់​មាន​ពី​មុន​មក ។ លុះ​ដើរទៅ​ដល់​ឃើញ​​ដូច្នេះមែន​ ធ្វើ​ឱ្យ​មានការ​ស្លុតចិត្ត​យ៉ាង​ខ្លាំង ។ 

ម្ចាស់​គោ​បន្ត​ទៀត​​ថា ក្រុម​ចោរ​ដែល​លួច​វាយ​សម្លាប់​មេគោ​របស់​គាត់​ គឺ​សង្ស័យ​ជា​ក្រុម​ក្មេង​ស្ទាវដែល​ញៀន​ថ្នាំ ព្រោះ​បច្ចុប្បន្ន​ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ មាន​ច្រើន​ណាស់ អាច​ពួក​គេ​ដាច់​លុយ​វាយ​សម្លាប់​ពន្លះ​យក​សាច់​ទៅ​លក់​យក​លុយ​ទិញ​ថ្នាំ​ញៀន​ក៏​ថា​បាន​ដែរ ។ លោក​​បាន​​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​នៅ​រសៀល​ថ្ងៃ​ទី​២៣ ​ឧសភា ​​២០១៦ នេះ ដើម្បី​ឱ្យ​ចាត់ការ​ជនសង្ស័យ​ទាំង​អស់​នោះ ។ ​