រថយន្ត​នាយផ្នែករដ្ឋបាល​ព្រៃឈើកែវសីមា​បើកដេញរថយន្តដឹកឈើ​ដូចក្នុងខ្សែភាពយន្ត

ខេត្តមណ្ឌលគិរី ៖ ​ក្រុម​មន្ត្រី​ផ្នែក​រដ្ឋបាល​​ព្រៃ​ឈើកែវ​សីមា​រួម​នឹង​យោធា​វ​រៈ​​អន្តរាគមន៍​ខេត្តមណ្ឌលគិរី ​ប្រដេញ​រថយន្តស៊ាំ​យ៉ុ​ង​ដឹក​គ្រឿងផ្ទះ​​បង្កគ្រោះថ្នាក់​ចរាចរណ៍​។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​ម៉ោង​​ប្រមាណ​ជា​១១​ថ្ងៃត្រង់ ​ថ្ងៃ​ទី​២៣ ​ឧសភា ២០១៦ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ​ខេត្តក្រចេះ​។ អ្នក​ឃើញ​ហេតុការណ៍​​បានអោយ​ដឹង​ថា ​គេ​បានឃើញ​មនុស្ស​១​ក្រុម​ស្លៀកពាក់​ឯកសណ្ឋាន​មេព្រៃ ​ឯកសណ្ឋាន​យោធា​​និង​ជន​ស៊ី​វិលប្រដាប់​ដោយ​កំ​ភ្លើង​២​ដើម ​ប្រើប្រាស់​រថយន្ត​២​គ្រឿង​ម៉ាក​ ម៊ែរ​សឺ​ដេ​ស ​ព​ណ៍​ខ្មៅនិង​កា​មេ​រី​ស្វិត​ព​ណ៍​ស​ បើក​ប្រដេញ​រថយន្ត​ស៊ាំ​យ៉ុ​ង​​១​គ្រឿង​ព​ណ៍​លឿង ​ចេញពី​ភូមិ​ឆ្នែង ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ រហូត​ដល់​ភូមិ​គ្រញូង​សែន​ជ័យ​ ឃុំ​២​ធ្នូ ស្រុក​ស្នួល ​ខេត្តក្រចេះ​។​ ប្រភព​បន្ត​ថា ​ការ​ប្រដេញ​គ្នា​នោះ ​​រថយន្ត​ទាំង​៣​គ្រឿង​បាន​បើក​កៀរ​គ្នាទៅ​វិញ​ទៅ​មក​ ប្រៀប​បាន​នឹង​ខ្សែ​ភាពយន្ត ​លុះ​មក​ដល់​ចំណុច​គីឡូ​ម៉ែ​ត្រលេខ ​១២៤ ​ស្ថិត​ក្នុងភូមិ​គ្រញូងសែន​ជ័យ រថយន្ត​ប្រភេទ​ស៊ាំ​យ៉ុ​ង ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​មក​ឆ្វេង​ដៃ​ រួច​ជ្រុល​ទៅ​បុក​សសរ​ជើង​​តាងផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នៅ​នោះ ​ជាប់​គាំង​ទៅ​មុខ​លែង​រួច​តែ​ម្តង​។​ ​ប្រភព​បន្ថែម​ថា ​ក្រោយ​ពី​រថយន្តស៊ាំ​យ៉ុ​ង​ជាប់​គាំង​ហើយ​នោះ ​គេ​បានឃើញ​មនុស្ស​៤​ទៅ​៥​នាក់​ ប្រដាប់​ដោយ​អាវុធ​វែង២​ដើម​ ចុះ​មក​ភ្ជង់​ម្ចាស់រថយន្ត​ស៊ាំ​យ៉ុ​ង ​និង​ចាប់​ក្រៀក​ព្រូ​ម្នាក់​​ចូល​ក្នុង​រថយន្ត​របស់​ពូក​គេ ​។ ចំណែក​អ្នកបើកបរ​ភ័យ​ស្លន់​ស្លោ ​ក៏​រត់​ចូល​ចម្ការប្រជាពលរដ្ឋ​បាត់​តែ​ម្តង​។​ យោង​ទៅ​លើ​ប្រភព​ច្បាស់ការ​ណ៍​មួយ​បាន​បង្ហើប​ថា​ ក្រុម​មនុស្ស​ដែល​ប្រដេញ​រថយន្ត​ដឹក​គ្រឿងផ្ទះ ​បង្កគ្រោះថ្នាក់​ចរាចរណ៍​នោះ​​គេ​បាន​ស្គាល់​ថា ​ជា​លោក​ជុ​យ សុ​ឃាង​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រួម​និងមន្ត្រី​ក្រោម​ឱ​វាទ​​ ព្រមទាំង​មន្ត្រី​យោធា​​ក្នុង​វ​រៈ​អន្តរាគមន៍ ចំណុះ​អោយ​តំបន់​ប្រ​តិ​បត្តិការ​សឹក​រងមណ្ឌលគិរី​ ។ ​សេចក្តីរាយការណ៍​បានអោយ​​ដឹង​ថា ប្រមាណ​ជា​៣​ម៉ោង​ក្រោយ​កើតហេតុ​ ​គេ​មិន​បានឃើញក្រុម​សមត្ថកិច្ច​​ទាំងនោះ​មក​រឹបអូស​រថយន្ត​​ដឹកឈើ​ល្មើសច្បាប់​ចំនួន​​១៨​កន្ទុយ​នោះ​ទេ​ ទុក​អោយ​ម្ចាស់រថយន្ត​ស៊ាំ​យ៉ុ​ង​​រំដោះ​យក​ត្រឡប់​ទៅ​វិញ​​ទាំង​រថយន្ត​ទាំង​ឈើ​​ដោយ​សុ​វត្ថិភាព​។​សូម​ជម្រាប​ថា ​រថយន្តដែល​ជូ​ប​គ្រោះថ្នាក់​​ចរាចរណ៍​ម៉ាក​ស៊ាំ​យ៉ុ​ង ​ព​ណ៍​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​​2S 3724 ផ្ទុក​ឈើ​​គ្រឿងផ្ទះ​៥​គុណ​១៥ ចំនួន​១៨​កន្ទុយ​ ហើយ​អ្នកបើកបរ​ក៏​ត្រូវ​គេ​ស្គាល់​ថា ​ជា​អ្នក​រស់នៅ​ខេត្តព្រៃវែង​។ ​លោក ជុ​យ សុ​ឃាង ​បាន​បកស្រាយ​ថា​ចំពោះ​រថយន្ត​ប្រភេទ​ស៊ាំ​យ៉ុ​ង​ខាងលើ ​ក្រុម​លោក​បាន​សហការ​គ្នា​​ជាមួយ​នឹង​យោធា​តំបន់​​ប្រ​តិ​បត្តិ​ការ​សឹក​រង​​មណ្ឌលគិរី ២​នាក់​និង​បាន​ឆ្លង​​យោបល់ព្រះរាជអា​ជ្ញា​ខេត្តមណ្ឌលគិរី​និង​ក្រចេះ​ ដើម្បី​ប្រដេញ​រថយន្ត​នោះ​ ​ខ​ណៈម្ចាស់រថយន្ត​ស៊ាំ​យ៉ុ​ង​​បាន​បើក​កៀរ រថយន្ត​ម៊ែរសឺ​ដេ​សរបស់​​លោក​។​ លោក​ថា ​នៅ​ពេល​នេះ​ម្ចាស់រថយន្ត​បាន​ចេញ​មុខ​មក​​ដោះស្រាយហើយ​គឺ​​យក​រថយន្ត​របស់​លោក​ទៅ​ជួសជុល​អោយ​វិញ ។​ ចំណែក​ឈើ១៨​កន្ទុយ​នោះ​​គឺ​មិន​បាន​រឹបអូស​នោះ​ទេ​។

សូម​ជម្រាប​ដែរ​ថា ​ចាប់តាំងពី​លោក​ជុ​យ​ សុ​ឃាង ​ផ្លាស់​តួនាទី​ពី​នាយ​រង​ផ្នែកទៅ​ជា​នាយ​ផ្នែក​​រដ្ឋបាលព្រៃឈើ​​ស្រុក​កែវ​សីមា រូប​លោក​ផ្ទាល់​ ​មិនសូវ​ជា​មាន​ភាព​មមាញឹក​ក្នុង​​ការ​ចាប់​ឬ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​របស់​​លោក​គ្រប់គ្រង​នោះ​ទេ ដល់​តែ​ពេល​ចាប់​បង្ក្រាប ​គឺ​ខុស​បច្ចេកទេស ​ដូច​ក្នុងករណី​កើតឡើង​ខាងលើ​តែ​ម្តង​។ ជាមួយគ្នា​នោះ​ ​ប្រភពពីមន្រ្តីជំនាញ​និង​ប្រជាពលរដ្ឋ​មួយចំនួន​​ ​ក៏​បាន​លើក​ឡើង​ពី​ការ​ប្រើ​ជន​ស៊ី​វិល​ ដែល​ជា​សាច់ញាតិ​របស់​​លោក​ធ្វើ​សកម្មភាព​ប្រដេញ​​រថយន្ត​ឬ​ម៉ូតូ ​ដើម្បី​ជំរិត​ទារ​ប្រាក់​ បង្ក​ភាព​អនាធិបតេយ្យ ​ពិសេស​គឺ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ​និង​មាន​មតិ​រិះគន់​​ជា​បន្តបន្ទាប់​ថែម​ទៀត​ ៕