ក្រោយ​បុរស​ម្នាក់​ស្លាប់ ក្រសួង​ជំនាញ​បិទ​គ្លីនិក «​ឃឹម រ៉ា​នី​»

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួងសុខាភិបាល​បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​«​ឃឹម រ៉ា​នី​» ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

បើ​តាម​សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង នៅ​ថ្ងៃ​ទី​២៣ ឧសភា ២០១៦​នេះ បាន​បញ្ជាក់​ពី​មូលហេតុ​ថា ដោយសារ​គ្លីនិក​«​ឃឹម រ៉ា​នី​» បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​មិន​គោរព​ទៅ​តាម​កិច្ចសន្យា​របស់​ខ្លួន​ពេល​សុំ​បើក​មន្ទីរ​សម្រាក​ព្យាបាល ឃឹម រ៉ា​នី និង​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ជា​ការ​កត់​សម្គាល់ការ​បិទ​គ្លីនិក​«​ឃឹម រ៉ា​នី​»​នេះ​ដែរ បាន​ធ្វើ​ឡើង​បន្ទាប​ពី​បុរស​ម្នាក់​បាន​ប្រកាច់​បែកពពុះមាត់​ស្លាប់ ក្រោយ​ពេល ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ ។

បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា  មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​មិត្តភក្តិ​ឈ្មោះ រ៉ា  បាន​បបួល​គ្នា​ទៅ​ហូប​គុយ ទាវ នៅ​ម្តុំ​ទួល​គោក លុះ​ហូប​រួច ជន​រង​គ្រោះ​បាន​ត្អូញ​ឈឺ​ខ្នង​ខ្លាំង គ្រានោះ​ក៍​ក្រឡេក​ឃើញ​គ្លីនិក​ខាង​លើក៍​ចូល​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ត្រូវ​គ្រូពេទ្យ​ចាក់​ថ្នាំ​២​ម្ជុល  (​មិនដឹង​ថា​ថ្នាំ​អី​) ស្រាប់តែ​បន្តិច​ក្រោយមក ជន​រង​គ្រោះ​បាន​ប្រកាច់​បែកពពុះមាត់ ឃើញ​សភាព​ដូច្នោះ គ្រូពេទ្យ​នៅ​គ្លីនិក​ឃឹម​រ៉ា​នី បាន​បង្ខំ​ឲ្យ​ឈ្មោះ រ៉ា ផ្តិត​មេដៃ រួច​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ តែ​ទៅ​ដល់​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ហើយ ។ ជន​រង​គ្រោះ​ឈ្មោះ ឡាំ តៅ​គង់ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ ផ្ទះ​លេខ​៥២​សេ ផ្លូវ​២០៩ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ  ជា​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥ​ន្ឋ​នៈ​សា​វី​ម៉ិច និង​មាន​ប្រ​ព​ន្ឋ​ឈ្មោះ សុខ រ័​ត្ន​មុនី អាយុ​២៨​ឆ្នាំ ៕