២​នាក់​បងប្អូន​បង្កើត ជា​ចោរប្លន់​រថយន្ត​ឡិច​ស៊ី​ស៤៧០

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពេល​មាន​សកម្មភាព ចោរប្លន់​រថយន្ត​ម៉ាក ឡិច​ស៊ី​ស៤៧០មួយ​គ្រឿង​បាន​សម្រេច បើក​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​ស្តុក​គ្រឿងសំណង់ GGK ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ជិត​៩​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ​។

កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា ក្រុម​ចោរប្លន់​ខាងលើ និង​ចាប់ខ្លួន​បាន​ម្នាក់ ជា​មន្ត្រី​នគរបាល​តម្រួត​បទបញ្ជា ក្រសួងមហាផ្ទៃ ហើយ​ក៏​មាន​អ្នក​ផ្សំ​គំនិត​ម្នាក់​ទៀត ដែល​ជា​សន្តិសុខ យាម​នៅ​ក្នុង​ក្រុមហ៊ុន​GGK​នោះ ដែល​ត្រូវជា​បង​បង្កើត​របស់​ជន​ដៃដល់ ក្នុង​សកម្មភាព​ប្លន់​នោះ​ផង​ដែរ​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង ជា​បន្តបន្ទាប់​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នោះ ដោយ​មុន​ដំបូង​នគរបាល ឃាត់ខ្លួន​សន្តិសុខ​ម្នាក់​ឈ្មោះ ហ៊​ន វណ្ណៈ អាយុ​ជាង​៣៥​ឆ្នាំ ត្រូវជា​បង ចំណែក​ជន​ដៃដល់​ជា​ចោរ ដែល​បាន ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​បាញ់​សម្លាប់​ជន​រង​គ្រោះ ឈ្មោះ ហ៊​ន សំណាង អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​សាមគ្គី​ទី​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​នេះ​គឺជា​មន្ត្រី​នគរបាល ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ក្នុង​បន្ទាយ​តម្រួត​បទបញ្ជា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នគរបាល​ក៏​បាន​ដកហូត​បាន កាំភ្លើងខ្លី​ម៉ាក​កា​៥៤ មួយ​ដើម ក្រៅពី​នេះ​ក៏​នៅ មាន​ជនសង្ស័យ​ម្នាក់​ទៀត ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​ដែរ ឈ្មោះ យ៉ង សុធា ប៉ុន្តែ​នគរបាល​ថា ទំនង​គ្មាន​ការ​ពាក់ព័ន្ធ​នោះ​ទេ តែ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​វេលា​កើតហេតុ​ខាងលើ មាន​អំពើ​ប្លន់​យក​រថយន្ត​ម៉ាក ឡិច​ស៊ី​ស​470 មួយ​គ្រឿង គឺ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-9925 នៅ​ត្រង់​ចំណុច​ភូមិ​ពង្រ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ខាងលើ ក្នុង​ខណៈ​ពេល​ដែល​រក​ទិញ​រថយន្ត​នោះ ហើយ​បាន​សុំ​ប្អូន​ម្ចាស់​រថយន្ត​បើក​សាក លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម បាញ់​សម្លាប់ ប្លន់​យក​រថយន្ត​ជិះ​គេចខ្លួន យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ស្តុក​គ្រឿងសំណង់ GGK ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ពេល​នោះ នគរបាល​បាន ធ្វើការ​ឡោម​ព័ទ្ធ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​នគរបាល​បាន​ឃាត់ខ្លួន ឈ្មោះ ហ៊​ន វណ្ណៈ ត្រូវជា​បង ។ បន្ទាប់​មក​ទើប​បន្ត​ទៅ​ឃាត់ ឈ្មោះ ហ៊​ន សំណាង ម្នាក់​ទៀត​។ ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​នោះ​ភ្ជង់​ប្លន់ ឈ្មោះ​ឡាក់ សម្បត្តិ អាយុ​២៦​ឆ្នាំ ភេទ​ប្រុស ស្នាក់​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ម្ចាស់​រថយន្ត ឈ្មោះ​ឡាក់ សុ​ដា​រិ​ទ្ធិ អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​ឋានន្តរសក្ដិ ជា​វរសេនីយ៍ទោ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​៕