បុគ្គលិក​លួច​ប្រេង​ក្រុមហ៊ុន​៦.០០០​លី​ត្រ​ត្រូវ​ចាប់ខ្លួន​២​នាក់ រត់​រួច​២​នាក់

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​ប្រេងឥន្ធនៈ LHR ២​នាក់​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ចាប់ខ្លួន​ប្រគល់​ឲ្យ សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង ចំណែក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព លួច​ប្រេង​របស់​ក្រុមហ៊ុន​ចំ​នួ​៦.០០០​លី​ត្រ យក​ទៅ​លក់​បាន​លុយ​ចែក​គ្នា ដើរ​ស៊ីចាយ​សប្បាយ​ហ៊ឺហា កាលពី​ពេល​កន្លង​មក ហើយ​ក៏​ត្រូវ​ចាប់ខ្លួន នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ខាងលើ ម្នាក់​ឈ្មោះ ផា​ន់ សុខ​គឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ បុគ្គលិក ក្រុមហ៊ុន​ប្រេង​LHR ស្នាក់​នៅ ក្រុមហ៊ុន ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​៣ ឃុំ​រកា​ខ្នុរ ស្រុក​ក្រួច​ឆ្មា ខេត្តកំពង់ចាម និង​ម្នាក់​ទៀត ឈ្មោះ នុ​ត ច័ន្ទ​ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំបុគ្គលិក​ក្រុមហ៊ុន LHR ស្នាក់​នៅផ្ទះ​លេខ​M21 ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌឫស្សីកែវ ។ ដោយឡែក​បក្ខពួក​២​នាក់​ទៀត មិន​ស្គាល់ឈ្មោះ​បាន​រត់គេច​ខ្លួន​បាត់​។ តាម​បណ្តឹង របស់​ក្រុមហ៊ុន ខាងលើ​នោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ចំនួន​៤​នាក់ ជា​បុគ្គលិក​ដែល ក្រុមហ៊ុន​ប្រេង​ទុកចិត្ត​ទុក​ថ្លើម​ខ្លាំង​ណាស់ ប៉ុន្តែ​ពួក​គេ​បាន​ឃុបឃិត​គ្នា ធ្វើ​សកម្មភាព​លួច​ប្រេង រហូត​ដល់​ទៅ​ចំនួន​៦.០០០​លី​ត្រ​។ ពួក​គេ​បាន​យក​ប្រេង​ដែល​លួច​បាន​នោះ ទៅ​លក់​បាន​លុយ​ជាង​២០​លាន​រៀល បន្ទាប់​មក​បាន​យក​ទៅ​ចែក​គ្នា​៤​ចំណែក ប៉ុន្តែ​ទ​ង្វើ​អាក្រក់​ពួក​គេ មិន​អាច​លាក់បាំង​បាន​រហូត​នោះ​ឡើយ ត្រូវ​ក្រុមហ៊ុន ដឹង​ទាន់​បែក​ការណ៍​ក៏​បាន​ចាប់​ឃាត់ខ្លួន​បាន​២​នាក់ យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កន្ទោក ចំណែក​បក្ខពួក​២​នាក់​ទៀត រត់គេច​ខ្លួន​បាត់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ទាំង​៤​នាក់​នោះ គឺជា​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន ហើយ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ពួក​គេ​បាន​បើករថយន្ត​ដឹក​ប្រេង ចេញពី​ខេត្ត​ព្រះ​សីហ​នុ ចូល​មក​ដាក់​នៅ​ក្នុង​ក្រុមហ៊ុន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក សង្កាត់​កន្ទោក លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច ផ្សារ​ពេជ្រនិល ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ឈប់​រថយន្ត​រួច​បាន​ធ្វើ សកម្មភាព​បូម​ប្រេង​លក់​អស់​៦.០០០​លី​ត្រ បាន​លុយ ២០​លាន​រៀល​ចែក​គ្នា ។

បន្ទាប់​មក​ទើប បើករថយន្ត មក​ទុក​ក្នុង​ក្រុមហ៊ុន​។ ដោយ​មានការ​សង្ស័យ រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា​នេះ ក្រុមហ៊ុន នាំ​ជនសង្ស័យ​ខាងលើ ទៅ​ធ្វើការ​ត្រួតពិនិត្យ​មើល​ប្រេង ក្នុង​ស៊ីទែន​រថយន្ត​ទើប​ដឹង​បាត់​ប្រេង​អស់ ៦.០០០​លី​ត្រ ទើប​ជជីក​ដេញដោល​សួរ ដោយ​ពួក​គេ​មិន​អាច​លាក់​បាន ទើប​ពួក​គេ​សារភាព​ការ​ពិត ហើយ​ក៏​ឃាត់ខ្លួន ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កន្ទោក ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕