«​សេះ​ដាច់​យក​សេះ​តាម​» ទីបំផុត​ជាប់​ខ្នោះ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវជា​មិត្តភក្តិ​ចាប់ខ្លួន​យក​មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​រូបគេ​បាន​ចូល​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ ដោយ​ចាញ់​អស់​ម៉ូតូ និង​ទូរស័ព្ទ​ខ្លួន​ឯង​ ហើយ​មិន​អស់ចិត្ត​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិ​​យក​ទៅ​បញ្ចាំ​លេងល្បែង​ចាញ់​អស់​ទៀត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ស្ស័​យ​ឈ្មោះ យ៉ា​ន់ កុសល អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជនមួយ​ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​រង​គ្រោះ​ឈ្មោះ លី ហួត អាយុ​២១​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ជាមួយ​គ្នា មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥​ឧសភា​កន្លង​ទៅ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-2416 ដោយ​ប្រាប់​ថា ជិះ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ដើម្បី​ស្គេ​ន​មេដៃ ។ ដោយ​រង់ចាំ​យូរ​ពេក​មិនឃើញ​ត្រឡប់​មក​វិញ និង​ទូរស័ព្ទរ​ក៏​មិន​ចូល​ផង​នោះ ក៏​បាន​ដើរទៅ​រក​ក្នុង​ក្រុមហ៊ុន​តែ​មិនឃើញ​ជនសង្ស័យ​ឡើយ ទើបរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១​តែ​ម្តង ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​នៅ​ថ្ងៃ​ទី​១៦​ឧសភា​ក៏​បាន​ទៅ​រក​ជន​សង្ស័យ​ដល់​បន្ទប់​ផ្ទះ​ជួល​ទើបបាន​ជួប តែ​ម៉ូតូ​ត្រូវ​បាន​គេ​ប្រាប់​ថា យក​ទៅ​បញ្ចាំ​នៅ​កាស៊ីណូ​បាន​លុយ​៥០០​ដុល្លារ​លេងល្បែង​ចាញ់​អស់ហើយ ។

ក្រោយ​ពេល​ដែល​ដឹង​ថា ជនសង្ស័យ​យក​ម៉ូតូ​របស់​ខ្លួន​យក​ទៅ​បញ្ចាំ​យក​លុយ​លេងល្បែង​ចាញ់​អស់ រូបគេ​ក៏​​និយាយ​ចរចា​ ដោយ​ឲ្យ​ជនសង្ស័យ​រក​លុយ​ទៅ​លោះ​យក​ម៉ូតូ​របស់​ខ្លួន​មក​វិញ តែ​ជនសង្ស័យ​រក​មិន​បាន ទើប​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​ម៉ាង ហុងដា ឌ្រី​ម សេ​១២៥ របស់​ជន​រង​គ្រោះ​យក​ទៅ​បញ្ចាំ​លេងល្បែង​នៅ​កាស៊ីណូ​ចាញ់​អស់​ពិតប្រាកដ​មែន ក្រោយ​ពី​លេង​ចាញ់​អស់​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​១​គ្រឿង របស់​ខ្លួន​អស់​រួច​មក ៕