ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​កុដិ​ឈើ​១​ខ្នង​ទាំង​ព្រឹក

ខេត្ត​ត្បូងឃ្មុំ ៖ កុដិ​ឈើ​ទំហំ​៨​ម៉ែត្រ​គុណ​១១​ម៉ែត្រ នៅ​វត្ត​ថ្កូវ ស្ថិត​ក្នុងភូមិ​អំពិល ឃុំ​កក់ ស្រុក​ពញាក្រែក កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដោយ​មិន​អាច​ជញ្ជូន​យក​របស់ទ្រព្យ​អ្វី​បាន​ឡើយ ។

លោក​វរសេនីយ៍ទោ អ៊ី សា​រិ​ន នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​លើ​កុដិ​នោះ​មាន​ព្រះសង្ឃ​វ័យចាស់​ជរា​១​អង្គ​គង់នៅ ពេល​ឆេះ​នោះ​លោក​មិន​ដឹងផង​ ទាល់តែ​នេន​រត់ឡើង​ទៅ​ប្រាប់​ក៏​ប្រញាប់ប្រញាល់​ចុះ​មក​ដី ។ លោក​បន្ត​ថា លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្ត​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ តែ​ទម្រាំ​រថយន្ត​ទៅ​ដល់​ឆេះ​អស់​ស្ទើរតែ​អស់រលីង​ទៅ​ហើយ តែ​បាន​បាញ់​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ទៅ​កុដិ​ផ្សេង​ៗ​ទៀត ។

លោក​វរសេនីយ៍ទោ អ៊ី សា​រិ​ន បញ្ជាក់​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​ធ្វើ​ឲ្យ​ឆេះ​កុដិ​ទាំងមូល​ឆេះ​​ខ្ទេច​សល់​តែ​ជញ្ជាំង​បេតុង​ប៉ុណ្ណោះ ។ ចំណែក​សម្ភារ​ក្នុង​កុដិ​ត្រូវ​ភ្លើង​ឆេះ​អស់​រួម​មាន ព្រះ​បដិមា​៥​អង្គ​, ព្រះ​ប​តិ​៤​ផ្ទាំង​, ព្រះ​ត្រៃបិតក​, បច្ច័យ​១​លាន​៥​សែន​រៀល​, គ្រែ​៦ ព្រមទាំង​របស់របរ​មួយ​ចំនួន​ទៀត ៕