បង្ក​របួស​ស្នាម ព្រោះតែ​បែកធ្លាយ​រឿង​ប្រើប្រាស់​ថ្នាំ​ញៀន

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បងប្អូន​២​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គិរីវង់ ចាប់ខ្លួន​បាន​ភ្លាម​ៗ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ខណៈ​ពេល​ដែល​ជនសង្ស័យ​២​នាក់​បងប្អូន​នេះ​បាន​ធ្វើ​សកម្មភាព​ព្រួត​វាយ និង​កាប់​ទៅ​លើ​បុរស​ម្នាក់​ឲ្យ​របួសធ្ងន់ បណ្ដាល​មក​ពី​ទាស់​ពាក្យ​សម្ដី​គ្នា​។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​រុំ​របួស​នៅ​ឯ​មន្ទី​ពេទ្យ​បង្អែក​ស្រុក ចំណែក​ជនសង្ស័យ​នគរបាល​ចាប់ខ្លួន​បាន​ម្នាក់​រត់គេច​ខ្លួន​ម្នាក់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។ លោ​វរៈសេនីយ៍ទោ យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គិរីវង់​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ពេល​នេះ​មានឈ្មោះ តែម សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ តែម សុភា អាយុ​២៩​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​បាន​រត់គេច​ខ្លួន​បាត់​ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ចិន ទិ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយ​គ្នា​ត្រូវ​ជនសង្ស័យ​ព្រួត​គ្នា ។

ជនសង្ស័យ​ជា​បង​បាន​យក​ដំបង​ឬ​ស្សី​វាយ​លើ​ជន​រង​គ្រោះ រីឯ​ជនសង្ស័យ​ជា​ប្អូន​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​របួស​ក្បាល ចង្កា កែងដៃ​ឆ្វេង ទ្រូង​និង​ស្មា​ខាងឆ្វេង​របួស​យ៉ាងធ្ងន់ធ្ងរ​។ លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ទាំង​ជនល្មើស​និង​ជន​រង​គ្រោះ​សុទ្ធតែ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដូច​គ្នា មុន​ពេល​កើតហេតុ​នេះ​ជនល្មើស និង​ជន​រង​គ្រោះ​បាន​ប៉ះ​ពាក្យ​សម្ដី​ក៏​ខាង​ជនល្មើស​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​ជន​រង​គ្រោះ​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​នគរបាល​ជនល្មើស​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ព្រួត​គ្នា​វាយ និង​កាប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែនហើយ​រាល់​ថ្ងៃនេះ​ពួក​គេ​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ប្រចាំ​ផង​ដែរ ហើយ​ឈ្មោះ ហែម សុវណ្ណ​រ៉ា ភេទ​ប្រុស និង​ឈ្មោះ ជី​ម សារី​ម ហៅ​អឹ​ត ភេទ​ស្រី ទាំង​២​នាក់​នេះ​បាន​ទិញ​ថ្នាំ​មក​ពី​ឈ្មោះ ជ័យ វី​រៈ ភេទ​ប្រុស ជា​មន្ត្រី​នគរបាល​វរៈ​សេនា​តូច​លេខ​៦០៣ ការពារ​ព្រំដែន​គោក​ដោយ​ឈ្មោះ ជ័យ វី​រៈ បាន​រកស៊ី​ជួញដូរ​ថ្នាំ​ញៀន​ច្រើន​ឆ្នាំ​មក​ហើយ​អត់​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។ បច្ចុប្បន្ន​ជនល្មើស​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ ៕