យី​ឌុ​ប​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បើក​មិន​ប្រយ័ត្ន​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើ

ខេត្តសៀមរាប ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បាន​ក្រឡាប់​ធ្លាយ​ចេញ​សុទ្ធតែ​ឈើ ត្រង់​ចំណុច កន្លែង​កំពុង​ជុស​ជុល​ផ្លូវ ក្នុងភូមិ​សាស្ត្រ ស្រុក​ពួក ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​បង្ក​ឡើង​ដោយ​ខ្លួនឯង បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤​ទាប​ភ្លឺ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច ឃុំ​សសរ​ស្តម ស្រុក​ពួក ខេត្តសៀមរាប​។ លោក​វ​រេស​នី​យ​ត្រី ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មិន​មាន​ស្លាក​លេខ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ធ្វើ​ចរាចរ​ពី​ទិស​ខាងកើត ទៅ​ទិស​ខាងលិច ហើយ​អ្នកបើកបរ និង​កម្មករ​មិន​មាន​នរណា​ម្នាក់ រង​របួស​នោះ​ទេ​។

លោក​បាន បញ្ជាក់​ថា នៅ​ម៉ោង​១២​និង​២០​នាទី​យប់​ឈាន​ចូល ថ្ងៃ​ទី​១៧ ខែឧសភា​នេះ រថយន្ត​ដែល​ក្រឡាប់​នៅ​កន្លែង​កើតហេតុ មិន​ទាន់​យក​ទៅ​ណា​នៅឡើយ​ទេ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​សាកសួរ​កម្មករ​នៅ​កន្លែង​នោះ​មិន​បាន​បញ្ជាក់​ថា ជា​ឈើ​ក្រុមហ៊ុន ឬ​ជា​ឈើ​នរណា​នោះ​ឡើយ ដោយ​កម្មករ​ប្រាប់​ថា ពួក​គេ​មិន​បានដឹង​អ្វី​ទាំងអស់ គ្រាន់តែ​ដឹង​ថា គេ​ជួល​មក​ឱ្យ​បើកឡាន និង​លើក​ឈើ​តែ​ប៉ុណ្ណោះ​។ គួរ​រំលឹក​ផង​ដែរ​ថា នៅ​រៀង​រាល់​យប់ តែងតែ​លួច​ធ្វើ​សកម្មភាព ប្រើ​រថយន្ត​ធំ​ៗ​ដឹក​ជញ្ជូន​ឈើ ឆ្លងកាត់​ខេត្តសៀមរាប ទៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង មិន​ក្រោម​ពី​១០​គ្រឿង​នោះ​ឡើយ ហើយ​ករណី​នេះ មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​ធ្វើការ​ចេញ​មុខ​ត្រួតពិនិត្យ​នោះ​ទេ ជា​ពិសេស ខាង​មន្ត្រី​ព្រៃឈើ​តែ​ម្តង ដូច្នេះ​សូម​លោក​អភិបាលខេត្ត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត មេត្តា​ដុសក្អែល​មន្ត្រី ក្រោម​ឱវាទ​ទាំង​អស់នេះ​ផង​៕