បុរស​ពោះម៉ាយ ដេក​ស្លាប់​ក្រោយ​ផ្ទះ​សង្ស័យ ខ្សែភ្លើង​ឆក់

ខេត្តព្រះវិហារ ៖ សាកសព​បុរស​ពោះម៉ាយ​ម្នាក់ ជា​ជាង​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខាងក្រោយ​ផ្ទះ​សង្ស័យ ខ្សែភ្លើង​ឆក់ ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។ បើ​តាម​សម្តី​បុរស​ចំណាស់​ម្នាក់ ដែល​ប្រទះ​ឃើញ​សាកសព​ខាងលើ បាន​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ដឹកឈើ​តាម​រ៉ឺ​ម៉ក យក​ទៅ​ផ្ទះ​បុរស​ពោះម៉ាយ​ដែល​ស្លាប់​ខាងលើ យក​ទៅ​កែ​ច្នៃ ស្រាប់តែ​នៅ​ពេល​ទៅ​ដល់​មុខ​ផ្ទះ​ជន​រង​គ្រោះ រូប​គាត់​ក៏​បាន​ស្រែកហៅ​ម្ចាស់ផ្ទះ​ជា​ច្រើន តែ​មិន​មាន​អ្នកឆ្លើយ ពេល​នោះ​រូប​គាត់​ក៏​សម្រេច​បើកទ្វារ​បង ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ ក៏​ឃើញ​បុរស​នោះ​ដេក​ស្លាប់​មិនដឹង​ពី​ពេល​ណា ។

បុរស​ដដែល​បន្ត​ថា នៅ​ក្បែរ​សាកសព​ឃើញ​មាន​ម៉ូ​ទ័​រ​ឈួ​ស​ឈើ ព្រី​ដោត​ភ្លើង  និង​នៅ​លើ​ចង្កេះ​ខាងឆ្វេង​សាកសព​ឃើញ​មាន​ស្នាម​ឆេះ​ខ្លោច​មួយ​ដុំ​ធំ​ទៀត​ផង ពេល​នោះ​រូប​គាត់​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ផ្អើល​ឆោឡោ​ពេញ​ភូមិ​តែ​ម្តង ។ យោង​តាម​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ បាន​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​បុរស​ខាងលើ​នេះ​វា អាច​បណ្តាល​មក​ពី​ឆក់​ខ្សែភ្លើង ព្រោះ​អី​សាកសព​ជន​រង​គ្រោះ​មាន​ស្នាម​រលាក​មួយ​ដុំ​ធំ ហើយ​ជន​រង​គ្រោះ​ប្រើប្រាស់​ភ្លើងអគ្គិសនី​ដោយ​មិន​ពាក់​ស្បែកជើង​ត្រឹមត្រូវ ទើប​បណ្តាល​ឲ្យ​កើត​ចរន្តអគ្គិសនី​ឆក់​រហូត​ដល់​ស្លាប់​បែប​នេះ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា បុរស​ពោះម៉ាយ ដែល​ស្លាប់​ខាងលើ​នេះ​មានឈ្មោះ ស្រី សុខ​ចាន់ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ មុខរបរ​ជា​ជាង​សិប្បកម្ម​កែ​ច្នៃ​ឈើ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង រីឯ​ឪពុក​ម្តាយ ដោយសារ​តែ​មាន​ជម្លោះ​ទាស់ទែង​គ្នា​ជាមួយ​ជន​រង​គ្រោះជា​កូន ក៏​ត្រូវ​ជន​រង​គ្រោះ ឲ្យ​ឪពុក​ម្តាយ​ទៅ​ស្រុក​កំណើត​វិញ​រយៈពេល ៣​ទៅ​៤​ថ្ងៃ​មក​ហើយ រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​នេះ ទើប​ជន​រង​គ្រោះ​រស់នៅ​ផ្ទះ​កើត​ហេតុតែ​ម្នាក់ឯង ។ សូម​បញ្ជាក់​ផង​ដែរ មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​សាកសព ធ្វើ​កោសល្យវិច័យ និង​ទំនាក់ទំនង​ទៅ​កាន់​ឪពុក​ម្តាយ​ជន​រង​គ្រោះ ដើម្បី​រៀបចំ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី ។