ឃាត់ខ្លួន​បាន​៥​នាក់ ពេល​កំពុង​ផ្តុំ​គ្នា​រៀបចំ​ប្រើប្រាស់​ថ្នាំ​ញៀន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​ល្បាត របស់​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​រៀបចំ​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​មួយ​កន្លែង និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​។ ការ​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នា​២០១៦ នៅ​ក្នុងផ្ទះ​គ្មាន​លេខ​មួយ​កន្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨១ ក្រុម​៥ ភូមិ​១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ទាំង​៥​នាក់​រួម​មាន​ទី​១-​ឈ្មោះ មឿ​ន សុ​ភ័ន្ត អាយុ​៣៦​ឆ្នាំ មុខ​បរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ទី​២-​ស៊ូ ថវិកា ហៅ​ម៉ៅ អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក ទី​៣-​ឈ្មោះ ស្រេង រ័​ត្ន​មុនី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៩B ផ្លូវ​លេខ​៤៧៥ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ទី​៤-​ឈ្មោះ បែន កុសល អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន និង​ទី​៥-​ឈ្មោះ វ៉ៃ យិ​ត អាយុ​៣៤​ឆ្នាំ ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ល្បាត​ទៅ​ដល់​ខាង​មុខ​ផ្ទះ​ខាងលើ ដោយ​មានការ​សង្ស័យ​ក៏​បាន​ចូល​ទៅ​ឃើញ​ពួក​គេ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​រៀបចំ​ជក់​គ្រឿងញៀន​ក៏​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​តូច រួម​ទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ទាំង​៥​នាក់ នឹង​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ រួម​ទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​នោះ ក៏​បាន​បញ្ជូន​ខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត ៕