កុំ​ចេះ​តែ​ហ៊ាន ! ​ជិះ​យ៉ាង​សង្ហារ ម្ចាស់​​ឃើញ​…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​​៥​នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប្រជាពលរដ្ឋ​ចាប់ខ្លួន​បាន​បន្ទាប់​ពី​ជន​ទាំងនោះ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​បាន​សម្រេច​កាលពី​យប់​លួច​បាន​ម៉ូតូ​២​គ្រឿង លុះ​ព្រឹក​ឡើង​មិន​ទាន់​យក​ទៅ​លក់​ទេ បែរជា​យក​ជិះ​យ៉ាង​សង្ហារ ក៏​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ ស្រែក​ឆោឡោ ថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មាន​ប្រុស​៣​នាក់ និង​ស្រី​២​នាក់ ក្នុង​នោះ​មាន ១-​ឈ្មោះ សួន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត នៅ​ក្នុង​ខេត្តកំពត​, ២-​ឈ្មោះ មិន បុរី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៣-​ឈ្មោះ ញឹ​ម ធាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ៤-​ឈ្មោះ វ៉ែន ចាន់ ណា​វី​ន ភេទ​ស្រី អាយុ​ជាង​២០​ឆ្នាំ និង ៥-​ឈ្មោះ ពេ​ច ស្រី​យ័ន ភេទ​ស្រី អាយុ​២០​ឆ្នាំ ទាំង​ពីរ​នាក់​នេះ ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ជាមួយ​គ្នា​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​អ្នក​ដែល​ត្រូវ​ចោរ​គាស់​បន្ទប់​ផ្ទះ​ជួល​លួច​យក​ម៉ូតូ​នោះ​ម្នាក់​ឈ្មោះ ង៉ែត ប៊ុត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្ចាស់​ម៉ូតូ​ម៉ាក ស៊ុ​យ​ហ្ស៊ុ​យ​គី និ​ច​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-0872 និង​ម្នាក់​ទៀត​ឈ្មោះ គឹ​ម សូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខាងលើ​នោះ​ដែរ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1H-6957 ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​បាន​ផ្ញើរ​ម៉ូតូ​ទុក​នៅ​នឹង​ម្ចាស់ផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេល​នោះ​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​ផ្ទះ​ជួល​នោះ​លួច​យក​ម៉ូតូ​២​គ្រឿង​ខាងលើ​នោះ​ទៅ​បាត់ ។ ពេល​នោះ​ម្ចាស់​មិន​បានដឹង​ថា ក្រុម​ចោរ​មួយ​ណា​នោះ​ទេ បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក​ដឹង​ថា បាត់​ម៉ូតូ​ក៏​បាន​ដើរ​ស្វែងរក ហើយ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ជិះ របស់​ខ្លួន ម៉ាក​ហុងដា វ៉េវ ក៏​បាន​ស្រែក​ឆោឡោ​ថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​កម្លាំង​ប៉ូលិស និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ម្នាក់ ។

បន្ទាប់​ពី​សួរនាំ​ជន​នោះ​ហើយ ប៉ូលិស​កំណត់​បាន​មុខសញ្ញា​មួយ​ចំនួន​ក៏​បាន​បើក​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​បក្សពួក​បាន​ចំនួន​៤​នាក់​ទៀត​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី និ​ច ។

ក្រោយ​ចាប់ខ្លួន ប៉ូលិស​បាន​នាំ​ជនសង្ស័យ​ទាំងនោះ​ទៅ​កាន់​ផ្នែក​ណ្រ​ហ្ម​ទណ្ឌ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ហើយ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​ម​អំពើ​ចោរកម្ម​នោះ​មាន​ប៉ុន្មាន​នាក់​នៅឡើយ​ទេ មិនតែប៉ុណ្ណោះ​នៅ​ពេល​ដែល​ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់​បាន​យំ​ឱប​គ្នា​យ៉ាង​ខ្លាំង​ហើយ​បាន​និយាយ​ថា ពួក​នាង​មិន​បានដឹង​រឿង​អ្វី​នោះ​ទេ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ការ​ពិត​និង​ដឹង​នៅ​ពេល​ក្រោយ​ដែល​ប៉ូលិស​ស្រាវជ្រាវ ៕