យុវជន​ម្នាក់​ត្រូវ​បាន​ភាគី​វៀតណាម ចាប់ខ្លួន​បញ្ជូន​មក​កម្ពុជា​វិញ

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ក្រសួងមហាផ្ទៃ​សហ​ការណ៍​ជាមួយនឹង​សមត្ថកិច្ច​នគរបាល​វៀតណាម ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ធំ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ប្រទេស​វៀតណាម ចាប់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ មានឈ្មោះ ចាន់ លាង​ហៃ ភេទ​ប្រុស​អាយុ​២៦ ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​ថៅកែ​ម៉ាស៊ីនកិនស្រូវ ឈ្មោះ ចាន់ គុក​លន់ និង​ប្រពន្ធ​ឈ្មោះ ឈាក ស៊ី​ណៃ រស់នៅ​ភូមិ​អាចារ្យ​លាក់  សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ត្រូវ​បាន​ចាប់ខ្លួន ។

តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៦០​ចុះ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ ដែល​ចេញ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ ឃ​ន សុ​កល់ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា ស្ថាន​ទម្ងន់ទោស​ប្រើ​អាវុធ ដែល​បាន​ប្រព្រឹត្តិ​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ ស៊ឹ​ម ម៉ា​លី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​លោក ឆេ​ង វុ​ទ្ធា និង​អ្នកស្រី អ៊ូ គា​រ៉ា​ន់ នៅ​ក្នុងភូមិ​អាចារ្យ​លាក់  សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ដោយ​សង្ស័យ​បាន​កែវ​ទៅ​គុប​ចំ​ផ្ទៃមុខ​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម ម៉ា​លី រួច​បាន​រត់គេច​ខ្លួន​បាត់​រហូត​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម ។

ហើយ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​ទីក្រុង​ហាន់់​ណូ​យ ប្រទេស​វៀតណាម ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​ដល់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​នៅ​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ។ ជុំវិញ​ករណី​ខាងលើ​នេះ ត្រូវ​បាន​ភាគី​ខាង​ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ខាងលើ​នេះ ដំបូង​ឡើយ ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម ម៉ា​លី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន មានមុខរ​បរជា​អ្នក​ធ្វើស្រែ និង​ទិញ​ស្រូវ​លក់​ទ្រង់ទ្រាយ​ធំ ហើយនឹង​លោក ចាន់ កុក​លន់ ថៅកែ​ម៉ាស៊ីនកិនស្រូវ​ជា​ម៉ូយ​រកស៊ី​ទិញ និង​លក់​ស្រូវ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​ខែ​ឆ្នាំ មក​ហើយ ក៏​មាន​លេចឮ​ឡើង​នូវ​ពាក្យ​ថា​អ្នក​ទាំង​២​នាក់​មាន​ចំណងស្នេហា​លួចលាក់​ជាមួយ​គ្នា ទើប​បណ្តាល​ឲ្យ​ជនសង្ស័យ​ដែល​ជា​កូនប្រុស​បង្កើត​របស់ លោក ចាន់ កុក​លន់ មានចិត្ត​ចងកំហឹង​ជាមួយនឹង​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម ម៉ា​លី ថា​បាន​លួច​ស្រលាញ់​គ្នា​ជាមួយនឹង​ឪពុក​របស់​ខ្លួន ធ្វើ​ឲ្យ​ម្តាយ​ឈឺចិត្ត ក៏​បាន​រៀប​គម្រោងការ​មួយ ខណៈ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម ម៉ា​លី បាន​ទៅ​ជប់លៀង​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ខាងលើ​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៥ នោះ​ជនសង្ស័យ​ឈ្មោះ​ចាន់ លាង​ហៃ ក៏​បាន​យក​កែវ​ទៅ​គុប​ចំ​ផ្ទៃមុខ​ឈ្មោះ ស៊ឹ​ម ម៉ា​លី រួច​វ៉ៃ​បន្ថែម​ទៀត ហើយ​រត់ឡើង​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2J-5545  បើក​រត់គេច​ខ្លួន​ទៅ​ដល់​ចំណុច​មាត់​ស្ទឹង​ព្រៃ​ប្រស់​ហើយ​ក៏​ចុះ​រត់គេច​ខ្លួន​បាត់ ។

ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម ម៉ា​លី ត្រូវ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ និង​ត្រូវ​ដេរ​ចំនួន​ជាង​២០​ថ្នេរ ដោយសារ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ក៏​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​សឹ​ង្ហ​បូ​រី ហើយ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​កំពង់ធំ បន្ទាប់​ពី​ការ​តាមដាន​ស៊ើបអង្កេត​ស្រាវជ្រាវ​ពី​ខាង​សមត្ថកិច្ច ហើយ​និង​ភាគី​ស្ត្រី​រង​គ្រោះ​អស់​រយៈពេល ១​ឆ្នាំ​ជាង​ទើប​ចាប់ខ្លួន​បាន យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ នេះ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕