កងរាជអាវុធហត្ថ​ខេត្ត ចុះ​បង្ក្រាប​សំបុក​គ្រឿងញៀន​ឃាត់ខ្លួន​បាន​៤​នាក់

ខេត្តកំពត ៖ ដោយ​មានការ​បញ្ជា​ពី​លោក​ឧត្តមសេនីយត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សហ​ការណ៍​សម្របសម្រួល​ពី​លោក ខៃ សម្ផស្ស តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​។ លោក​វរសេនីយទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​សំបុក​គ្រឿងញៀន​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦​កន្លង​មកនេះ ស្ថិត​នៅ​ចំណុច​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ទម្ងន់​0,៨៦​ក្រាម និង​ម៉ូតូ​១​គ្រឿង​។

លោក​វរសេនីយទោ ហែម ច​ន្ទ័​ដា​រ៉ា ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ទាំង​៤​នាក់​នោះ​មាន ទី​១-​ឈ្មោះ​ជ​យ័ សុ​វណ្ណៈ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ទី​២-​ឈ្មោះ​កែវ ពិ​សិ​ទ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​ធំ  ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ទី​៣-​ឈ្មោះ​សោម ពោ​ទី ភេទ​ប្រុស អាយុ​២១ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ទី​៤-​ឈ្មោះ ឌៀប សុធា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដំណាក់​ចង្អើរ ឃុំ​ព្រៃធំ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ល្ងាច ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ករណី​គ្រឿងញៀន​កំពុង​វាយលុក​ខ្លាំង​ជាងគេ​គឺ​នៅ​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ហើយ​ការ​ចែកចាយ និង​ប្រើប្រាស់​ពួក​គេ​ច្រើន​តែ​លួចលាក់​នៅ​តាម​បន្ទប់​ផ្ទះ​ជួល​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​មួយ​នេះ​៕