ជិត​ចូល​រោងការ​ហើយ​ម្តេច​ឡើយ​នាង​ធ្វើ​អត្តឃាត

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជាង​អ៊ុតសក់​ម្នាក់​ដែល​ភ្ជាប់ពាក្យ​ជិត​ចូល​រោងការ​ទៅ​ហើយ ស្រាប់តែ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី រសៀល ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៦ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​អត្តឃាត​នេះ​គឺជា​លើក​ទី​២​ហើយ ដោយ​លើក​មុន​នាង​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​ម្ដង​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច និង​មិន​ត្រូវ​បាន​គេ​ដឹង​មូលហេតុ​ឡើយ ប៉ុន្តែ​សង្ស័យ​នាង​មាន​វិបត្តិ​ស្នេហា ព្រោះ​ក្រោយ​ពេល​លែងលះ​ជាមួយ​ប្ដី​មុន​រយៈពេល​ជិត​៣​ឆ្នាំ រហូត​មក​ទល់​ពេល​នេះ​នាង​មាន​គូ​ដណ្ដឹង​ម្នាក់​ទៀត ដែល​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​នៅ​តែ​ថ្ងៃ​ចូល​រោងការ​ប៉ុណ្ណោះ ហើយ​មិន​មាន​នរណា​បានដឹង​ថា នាង​មាន​បញ្ហា​អ្វី ជាមួយ​គូ​ដណ្ដឹង ឬ​បែប​ណា​ឡើយ ទើប​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួនឯង​ស្លាប់​បែប​នេះ ។

ប្រភព​បន្ត​ទៀត​ថា នារី​ដែល​ស្លាប់​ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ សៀម សំណាង ហៅ​អា​គៀង អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ នាង​ជា​ស្ត្រី​មេម៉ាយ​ដែល​បាន​លែងលះ​ជាមួយ​ប្តី​ជិត​៣​ឆ្នាំ​មក​ហើយ ហើយ​ថ្មី​នេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ទៀត ដែល​ជិត​ដល់​ពេល​ចូល​រោងការ​ទៅ​ហើយ ស្រាប់តែ​យក​ខ្សែ​នីឡុង​ចង​.​ក​ជាប់​នឹង​ដំបូលផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​បែប​នេះ​តែ​ម្ដង ៕