កម្លាំង​សមត្ថកិច្ច​ត្រួតពិនិត្យ​អាវុធ ប៉ះ​អ្នក​មក​ពី​ទិញ​គ្រឿងញៀន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​ប្រមាណ ៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​តាម​ផ្លូវជាតិ​លេខ​៦ មុខ​វត្ត​គៀន​ឃ្លាំង ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ពី​ទិញ​គ្រឿងញៀន​។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ​។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ​កាន មឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នេសាទ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៦ ភូមិ​បាក​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ២.​ឈ្មោះ ប៉ែន វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​តាំង​ក្រាំង ឃុំ​ជីលា ស្រុក​បា​ធា​យ ខេត្តកំពង់ចាម និង​៣.​ឈ្មោះ សុខ ឡា ហៅ​ក្រៅ អា​ខ្ទ​ង ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កង​ស្វាយ ឃុំ​ស្វាយ​អំពៅ ស្រុក​មុខកំពូល​ខេត្តកណ្តាល ។

តាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​បាន​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ ការ​អនុវត្ត​ច្បាប់​ចរាចរ និង​អាវុធ​ជាតិ​ផ្ទុះ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​០២​នាក់ ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-0921 ក៏​មានការ​សង្ស័យ​ហៅ​ត្រូ​ត​ពិនិត្យ​ឲ្យ​ឈប់ ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ឡើង​លើ​ជញ្ជាំង​របង​ផ្ទះ​គេ និង​បាន​បោះចោល​ថ្នាំ​ញៀន ០២​កញ្ចប់​ធំ​ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា គ្រឿងញៀន​ត្រូវ​បាន​គេ​ឲ្យ​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​ទៅ​ទិញ​នៅ​ចំណុច​រង្វង់​មូល​គួ​ច​កាណុង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ពេល​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៍​ប្រទះ​នឹង​កម្លាំង​នគរបាល​ដាក់​គោលដៅ​បាន​ឃាត់ខ្លួន​តែ​ម្តង​។ តាម​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ស្រាវជ្រាវ​សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​អ្នក​ឲ្យ​ប្រាក់​ទិញ​ដើម្បី​យក​ទៅ​ចែកចាយ​គ្នា​ប្រើប្រាស់​៕