ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់ បញ្ជូន​ទៅ​តុលាការខេត្ត

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​គ្រឿងញៀន​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល ឃុំ​ស្ទឹង​កាច់ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ហើយ​រឹបអូស​បាន​ញៀន​ពណ៌​ក្បឿង ចំនួន​១៦៦​គ្រាប់ និង​ម៉ូតូ​ឌ្រី​ម​មួយ​គ្រឿង លុយ​ចំនួន​១​លាន​រៀល ទូរស័ព្ទ​ដៃ​១​គ្រឿង​។ បន្ទាប់​ពី​សាកសួរ​រួច សមត្ថកិច្ច​បន្ត​តាមដាន​រក​ចាប់​មេខ្លោង​ជួញដូរ​គ្រឿងញៀន ធំ​បន្ត​ទៀត រីឯ​ជនសង្ស័យ​ទាំង​ពីរ​នាក់​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ហេតុការណ៍ ចុះ​បង្ក្រាប​ចាប់​បាន​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​យប់​កណ្តាលអធ្រាត្រ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ម្ចាស់ ឈ្មោះ សា​រឿង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវ​កម្លាំង​ការិយាល័យ គ្រឿងញៀន​ខេត្ត​ចាប់​ឃាត់ខ្លួន ទី​១.​ឈ្មោះ អិត សំអាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ទី​២ ឈ្មោះ វ៉ា​ន់ មក​រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទាំង​២​នាក់ ស្នាក់​នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​សម្ងាត់ បាន​ចុះ​តាមដាន និង​ស្រាវជ្រាវ​រក​ឃើញ​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​ថ្នាំ​ញៀន​ខាងលើ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​១​កន្លែង បន្ទាប់​មក​កម្លាំង​សម្ងាត់​ទាំងនោះ​បាន​ផ្ដល់​ព័ត៌មាន​មក​ស្នងការ​ខេត្ត ទើប​ក្រោយមក​បាន​ដាក់​បទបញ្ជា​ឱ្យ​ខាង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ ខាង​កា​រិល​យា​ល័យ​ប្រ ឆាំង​បទល្មើស​គ្រឿងញៀន បាន​រៀបចំ​កសាង​សុំ​ណំ​រឿង បញ្ជូន​ទៅ​តុលាការខេត្ត​ប៉ៃលិន​។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កំពុង​តែ​កម្រើក​ឡើង​វិញ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​យុវជន​មួយ​ចំនួន​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុក​ម្តាយ​របស់​ខ្លួន​អស់​ជា​ច្រើន និង​អ្នកខ្លះ​ក្លាយទៅជា​ឆ្កួត​វង្វេង ខ្លះ​ទៀត​ក្លាយជា​ចោរលួច​ឆក់​ប្លន់​អ្នក​ភូមិ​គួរ​ឱ្យ​ព្រួយបារម្ភ​ផង​ដែរ ៕