ភ្លៀង​មួយ​មេ​ធំ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង អត់​ឈ្នះ​ព្រះ​អគ្គិ

ឧត្តរមានជ័យ ៖ ហេតុការណ៍​អគ្គិភ័យ​ឆេះ​តូប​អ្នកលក់​គ្រឿងទេស​មួយ​កន្លែង មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ សាងសង់​អំពី​ឈើ​ប្រក​ស័ង្កសី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ហ្មត់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ឧសភា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ។

សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១០​យប់​ក្នុង​ថ្ងៃ​ដដែល ភ្លើង​ក្រុមហ៊ុន​អគ្គិសនី​អន្លង់​វែង​បាន​ដាច់​ងងឹត​សូន្យសុង ក្រោយមក​គេ​បាន ឮ​សំឡេង​ម៉ាស៊ីនភ្លើង​ម្ចាស់​តូប​បាន​បញ្ឆេះ ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​ស​ន្ទោ​សន្ធៅ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិរ​ត់ទៅ​ជួយ និង​អ្នកខ្លះ​បាន​ទូរ​ស័​ព្ទទៅ​សមត្ថកិច្ចមូលដ្ឋាន គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​ស្រុក​អន្លង់​វែង​មួយ​គ្រឿង បាន​បាញ់​ទឹក​ពន្លត់ តែ​ទោះជា​បែប​ណា មុខទំនិញ​គ្រប់មុខ និង​តូប​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ស្ទើរ​ទាំងស្រុង​។

សមត្ត​កិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​តូប​អ្នកលក់​គ្រឿងទេស ឈ្មោះ​អ៊ុ​ន មុ​ញ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ស្រស់ អាយុ​៤៨​ឆ្នាំ មានកូន​៣​នាក់ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ លោក​បន្ត​ថា បន្ទាប់​កើត​មាន​អគ្គិភ័យ​ឆាបឆេះ កម្លាំង​ប៉ូ​លី​ស និង​ប៉េ​អឹុម​ស្រុក​ជា​ច្រើន​រូប​បាន​ចុះ​ទៅ​ដល់​ភា​ម​ៗ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​មួយ​គ្រឿង ធ្វើ​អន្តរាគមន៍​ពន្លត់ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ផង​ដែរ តែ​ទោះជា​យ៉ាងណា​ក៏​ភ្លើង​នៅ​តែ​ឆេះ​បំផ្លាញ​អស់ ក្នុង​រយៈពេល​ជិត​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយឡែក​មុខទំនិញ ទ្រព្យសម្បត្តិ រួម​ទាំង​ថវិកា គឺ​ម្ចាស់​តូប​ពុំ​ទាន់​បាន​បញ្ចា​ក់​នៅឡើយ​ទេ​៕