ប៊ិះ​ក្ស័យ​ដោយសារ​ប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់ដៃ​ប៊ិះ​ស្លាប់​ប៊ិះ​រស់ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​ចាក់​ប្លន់​យក​ម៉ូតូ តែ​ត្រូវ​ប្រជាពលរដ្ឋ​អន្តរាគមន៍​ជួយ​ទាន់​ពេល ។ ករណី​ប្លន់​នេះ​កើតឡើង​កាលពី​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ចំការមន ភូមិ​អា​យាន ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ត្រី ពីង ពៅ ឣ​ធិ​ការ​រង​នគរបាល​ស្រុក​ឧដុង្គ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ព្រំ ចាន់​មុនី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផា​ន យ៉ា​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រាំត្បាល់ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ម៉ូតូ​ដែល​ជនសង្ស័យ​មាន​គោល​បំណង​ប្លន់​យក​នោះ ម៉ាក​ហុងដា ឌ្រីម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កណ្តាល 2O-8827 ។

លោក​អធិការរង​បន្ត​ថា ក្រោយ​ចាប់ខ្លួន​ជន​នេះ​បាន​សារភាព​ថា គេ​បាន​ជួល​ម៉ូតូ​ជន​រង​គ្រោះ​ពី​ចំណុច​អង់​តែ​ន​ទួល​គោក រាជធានី​ភ្នំពេញ ថា​មក​រក​ផ្ទះ​បង​ប្អូ​ន លុះ​មក​ដល់​ចំណុច​កើតហេតុ រូបគេ​បាន​យក​កាំបិត​បត់​ចាក់​ជន​រង​គ្រោះ​ចំ​ក​ខាងស្តាំ និង​ខាងក្រោម​ដោះ​ខាងឆ្វេង ក្នុង​បំណង​ប្លន់​យក​ម៉ូតូ ហើយ​ដណ្តើម​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​បាន​ស្រែក​ឲ្យ​ឣ្ន​កភូមិ​នៅ​ក្បែរ​នោះ​ជួយ ។

ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​លឺ​សំឡេង​ស្រែក​ឲ្យ​ជួយ ឣ្ន​កភូមិ​បាន​នាំ​គ្នា​ចេះ​ទៅ​មើល​ក៏​ឃើញ​ជនសង្ស័យ​កំពុង​ដណ្តើម​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ ក៏​ចូល​ទៅ​ចាប់ ហើយ​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ឣ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​ហើយ ៕