មានកូន​ប្រុស​ទុរយស​បែប​នេះ មិនដឹង​ខូចចិត្ត​យ៉ាងណា​ទេ?

ខេត្ត​ត្បូងឃ្មុំ ៖ កូន​ប្រុស​ទុរយស​​ម្នាក់​បាន​វាយ​កម្ទេច​របស់របរ​ក្នុងផ្ទះ​អស់​ជា​ច្រើន​មាន​ដូច​ជា​ម៉ូតូ​១​គ្រឿង ធុងបាស់ ឆ្នាំង​ដាំបាយ​កំសៀវ កញ្ចក់​ទ្វារផ្ទះ​ខាង​មុខ ព្រមទាំង​គំរាម​ដុត​ផ្ទះ​របស់​ម្តាយ​ចោល​ទៀត ។  អំពើ​ហិង្សា​នេះ​កើតឡើង​កាល​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២២ ឧសភា ២០១៦ ត្រង់​ចំណុច​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ហើយ​ត្រូវ​បាន​ម្តាយ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍ និង​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ។

យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ត្រី សុខ ឈាន អធិការ​នគរបាល​ស្តីទី​ក្រុង​សួង បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ សាយ សុ​ខៃ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​កណ្តោល​ត្បូង ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ នៅ​ល្ងាច​ថ្ងៃ​ខាងលើ​បាន​ធ្វើ​អុកឡុក និង​រករឿង​ម្តាយ​ឈ្មោះ អ៊ុ​ក ផល្លា អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង រហូត​ដល់​ទៅ​ផ្ទុះ​អំពើ​ហិង្សា​វាយ​កំទេច​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន ។ បន្ទាប់​ពី​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​រួច​មក ស្ត្រី​ជា​ម្តាយ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​សួង ។ ក្រោយ​ពី​បាន​ទទួល​បណ្តឹង​ហើយ សមត្ថកិច្ច​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ចាប់​បុរស​ឈ្មោះ សុ​ខៃ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​សួរនាំ ដោយ​សមត្ថកិច្ច​ប្រមូល​បាន​ភស្តុ​តាង​ជា​ច្រើន ដែល​កូនប្រុស​នោះ​បាន​បំផ្លាញ ។ ហើយ​កន្លង​មក​កូន​ម្នាក់​នេះ​តែងតែ​ប្រើ​អំពើ​ហិង្សា​ជា​ញឹកញាប់ ថែម​ទាំង​បាន​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។

របាយការណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​ចូល​មក​ដល់​ក្នុងផ្ទះ​នោះ បុរស​ជា​កូន​បាន​យក​កំណាត់ឈើ​ជ្រុង និង​អង្រែ វាយ​បំផ្លាញ​របស់ទ្រព្យ​ខូចខាត​អស់​ជា​ច្រើន ។

សូម​បញ្ជាក់​ថា ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​៣​លើក ក្នុង​នោះ​មាននៅ​ខេត្តរតនៈគិរី​១​លើក និង​ពន្ធនាគារ​ខេត្តកំពង់ចាម​២​លើក​ផង​ដែរ ម្តាយ​ធ្លាប់​បាន​អប់រំ​កូនប្រុស​នេះ​តែ​មិន​ស្តាប់​តាម​ដំបូន្មាន​ទេ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៣​ឧសភា​នេះ សមត្ថកិច្ច​កំពុង​តែ​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕