ព្រៃផ្សៃ​ណាស់ ! រំលោភ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ដល់​ទៅ​៣​ដង

ខេត្តកំពង់ចាម ៖ បុរស​ពោះម៉ាយ​ម្នាក់​ឈ្មោះ កុយ ចាន់​នី អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ព្រែក​ពោធិ៍​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ដោយសារ​តែ​ដាច់​ចំណី​យូរ​ជូរ​មាត់​ដូច​គេ​ញៀន​បារី បាន​ប្រើ​ល្បិច​លួងលោម​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ នាំ​យក​ទៅ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត​ហើយ ។

លោក​វរសេនីយ៍ត្រី ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩​ឧសភា ត្រង់​ចំណុច​ច​ភូមិសាស្ត្រ​ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ បាន​កើត​មាន​អំពើ​រំលោភ​សេពសន្ថវៈ ដែល​បង្ក​ឡើង​ដោយ​បុរស​ពោះម៉ាយ​ខាងលើ​បាន​ប្រើ​ល្បិច​នាំ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ចូល​ទៅ​ក្នុង​ព្រៃ​ស្ងាត់​មួយ​កន្លែង ហើយ​បុរស​នេះ​បាន​ឲ្យ​លុយ​មក​ក្មេង​រង​គ្រោះ​ចំនួន​២០០០​រៀល ក្នុង​ពេល​ដែល​ម្តាយ​ឪពុក​មិន​នៅផ្ទះ​នោះ ។

លោក​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បាន​បន្ត​ថា រហូត​ម​ដល់​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២១​ឧសភា ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ពោធិ៍​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ ដោយ​បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើ​បុរស​ឈ្មោះ ចាន់ នី រស់នៅ​ឃុំ​ស្រុក​ជាមួយ​គ្នា​ថា​បាន​ចាប់​កូនស្រី​របស់​គាត់​រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច ។ រហូត​ម​ដល់​ព្រឹក​ថ្ងៃ​ទី​២២​ឧសភា សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ ហើយ​ក៏​បាន​ឃាត់ខ្លួន​តែ​ម្តង​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

ផ្អែក​តាម​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០​ឧសភា គឺ​តាម​សាក្សី​បាន​បំភ្លឺ​ថា​បានឃើញ​ជនសង្ស័យ​ខាងលើ​ឌុ​ប​កូនស្រី​គាត់​ចេញពី​ព្រៃ​ទួល​មួយ​កន្លែង​នៅ​ខាង​មុខ​វត្ត​ព្រែក​ពោធិ៍ ។ ក្រោយ​ពី​បាន​ស្តាប់​ឮ​ដូច្នេះ ម្តាយ​ហៅ​កូនស្រី​មក​កាន់​មន្ទីរពេទ្យ​ស្រុក​ស្រី​សន្ធរ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ហើយ​កូនស្រី​បាន​និយាយ​ប្រាប់​ពី​រឿងហេតុ​ថា ជនសង្ស័យ​គឺ​បាន​ចាប់រំលោភ​នាង​បាន​សម្រេច​រហូត​ដល់​ទៅ​៣​ដង​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៦ ។

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បញ្ជាក់​ថា បុរស​ពោះម៉ាយ​ខាងលើ​នោះ​ទើបតែ​លែងប្រពន្ធ​បាន កន្លះ​ខែ​ទេ ដោយ​បាន​ធ្លាប់​មក​ធ្វើ​ជាង​ផ្ទះ​ក្បែរ​នឹង​ផ្ទះ​របស់​ក្មេង​ស្រី​រង​គ្រោះ ថែម​ទាំង​បាន​ធ្លាប់​ឲ្យ​លុយ​ចាយ​ទៀត ។ តាម​របាយការណ៍​បុរស​នេះ​មិន​បាន​ឆ្លើយ​សារភាព​នោះ​ទេ តែ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ឆ្លើយ​រឿង​ពិត​ដែរ និង​មានការ​ពិនិត្យ​កោសល្យវិច័យ​ពី​មន្ទីរពេទ្យ​ទៀត រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៣​ឧសភា​នេះ ជនសង្ស័យ​កំពុង​តែ​ស្ថិត​ក្នុង​ការ​សួរនាំ​ពី​មន្ត្រី​តុលាការខេត្ត ៕