ជិះ​ម៉ូតូ​បញ្ច្រាស​ហើយ​វ៉ៃ​ប៉ូលិស​ទៀត ការ​ពិត​សតិ​មិន​គ្រប់

រាជធានី​ភ្នំពេញ ៖ បុរស​សតិ​មិន​គ្រប់​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌចំការមន​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ឆ្លងកាត់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​បាន​វាយ​១​ដៃ​ចំ​កណ្ដាល​មុខ​នាយ​រង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​៣​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​វត្ត​ទួល​ទំពូង តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជន​ដៃដល់​មានឈ្មោះ លី សុផល អាយុ​២៩​ឆ្នាំ មុខរប​ជា​អ្នក​លាង​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​១៧៧ ផ្លូវ​១៩៥ ភូមិ​៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ដាល់​ទៅ​លើ​មន្ត្រី​នគរបាល​ម្នាក់​នៅ​ពេល​ចុះ​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ចំណុច​ខាងលើ ។ មន្ត្រី​នគរបាល​រង​គ្រោះ​មានឈ្មោះ ប៊ុត សេរី​ប៊ុ​ន នាយ​រង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​៣ ត្រូវ​បាន​រង​របួស​ត្រង់​ផ្ទៃមុខ​នៅ​ពេល​ដែល​ត្រូវ​បុរស​ជា​ជន​ដៃដល់​វាយ​មួយ​ដៃ​ត្រូវ​ចំ​កណ្តាល​មុខ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​របស់​ខណ្ឌចំការមន​បាន​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​គោលដៅ​ខាងលើ ក៏​ស្រាប់តែ​បុរស​រូប​នោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា គុប​មូល ពណ៌​ស្លែ ពាក់​ស្លាក​លេខ ១១៥១ ភព​១ មួយ​គ្រឿង​តែ​ម្នាក់ឯង​ក្នុង​ទិ​ដៅ​បញ្ច្រាសទិស ។ ដោយ​ឃើញ​បែប​នោះ លោកនាយ​រង​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ស្ទាក់​ហៅ​ឱ្យ​ឈប់ ក៏​ស្រាប់តែ​បុរស​រូប​បាន​ឈប់​ម៉ូតូ និង​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​រូប​គាត់​បណ្តាល​ឱ្យ​ចំ​កណ្តាល​មុខ​មួយ​ដៃ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បុរស​រូប​នោះ​ក៏​ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌចំការមន ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ក្រោយ​ពី​ក្រុម​គ្រួសារ​យក​ឯកសារ​បញ្ជាក់​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បញ្ជាក់​ថា បុរស​រូប​នោះ​ពិតជា​មាន​ជំងឺ​ស​សៃ​ប្រសាទ និង​បើក​ថ្នាំលេប​ជា​ប្រចាំខែ​នោះ ទើប​ធ្វើការ​ដោះ​លែង​ទៅ​វិញ​ផង​ដែរ ៕