ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ស្រវឹងស្រា ធ្លាក់​ពីលើ​សណ្ឋាគារ

ខេត្តសៀមរាប ៖ ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់ ស្រវឹងស្រា បាន​ធ្លាក់​ពីលើ​សណ្ឋាគារ FUNKYFLASH PACKER ជាន់​ទី​២ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​Royal Angkor International បើ​តាម​សម្តី​របស់​មន្ត្រី​អាវុធហត្ថ​ក្រុង​សៀមរាប​។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​សណ្ឋាគារ FUNKYFLASH PACKER ជាន់​ទី​២ ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ប្រភព​ពី​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​ប្រាប់​ថា ជន​រង​គ្រោះ​មានឈ្មោះ Worthy Rachel Marie ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក ជា​ភ្ញៀវ​ទេសចរណ៍​។ មូលហេតុ​ដែល​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​នោះ​បាន​ធ្លាក់​ពីលើ​សណ្ឋាគារ​នៅ​ជាន់​ទី​២ បណ្តាល​ឱ្យ​របួសធ្ងន់​គឺ មក​ពី​ស្ត្រី​រូប​នេះ​បាន​ផឹកស្រា​មួយ​យប់​ទល់​ភ្លឺ ទើប​បណ្តាល​ឱ្យ​ស្រវឹង ហើយ​មក​អង្គុយ​នៅ​ជិត​មាត់​បង្អួច ក្នុង​បន្ទប់ដេក មិន​ប្រយ័ត្ន ធ្លាក់​មក​ក្រោម​។

បច្ចុប្បន្ន​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ដឹក​បញ្ជូន​ភ្លាម​ៗ តាម​រថយន្ត​សង្គ្រោះ វ៉េ​ង វុ​ឌ្ឍី យក​ទៅ​មន្ទីរពេទ្យ Royal Angkor International មក​ដល់​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​២៣​ខែឧសភា​ឆ្នាំ​២០១៦​នេះ ជន​រង​គ្រោះ​នៅ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ បើ​តាម​សម្តី​របស់​គ្រូពេទ្យ​។ គួរ​បញ្ជាក់​ថា ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​នេះ ដែល​សមត្ថកិច្ច​ជួយ​សង្គ្រោះ ព្រោះ​ស្រវឹងស្រា ធ្លាក់​ពីលើ​សណ្ឋាគារ​ជាន់​ទី​២​នោះ តាម​ការ​សន្និដ្ឋាន​ប្រហែល​សង្ឃឹម​តិចតួច​ណាស់​បាន​ត្រឹមតែ​១០%​ប៉ុណ្ណោះ​ដែល​នៅ​រស់ ព្រោះ​វា​ធ្លាក់​ពីលើ​មក​ក្រោម​ខ្ពស់​ណាស់​៕